.jpg?1742200979)
ភ្នំពេញ៖ និស្សិតពីរក្រុម មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាល័យអាម៉រិកាំងភ្នំពេញ បានទទួលជ័យជំនះក្នុងវគ្តជំរុះថ្នាក់ជាតិ នៃការប្រកួតសវនាការប្រឌិត Philip C. Jessup ។ យុវជនទាំងពីរក្រុមនឹងចូលរួមប្រកួតនៅអាម៉េរិកតំណាងកម្ពុជាលើឆាកអន្តរជាតិ នៅសហរដ្ឋអាម៉េរិក ជាមួយនិស្សិតមកពីសាកលវិទ្យាល័យនៃបណ្តាប្រទេសផ្សេងទៀត។

យោងតាមគេហទំព័រផ្លូវការនៃ «ការប្រកួតសវនាការប្រឌិត» បានឱ្យដឹងថា វគ្តជំរុះថ្នាក់ជាតិ នៃការប្រកួតសវនាការប្រឌិត Philip C. Jessup បានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ និស្សិតតំណាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលចូលរួមក្នុងការប្រកួតរួមមាន និស្សិតចំនួន៥រូបគឺ កញ្ញា សេង កុលនិស្ស័យ លោក ហៃ ជ័យសាម៉ុន កញ្ញា ជិន គីមអុី លោក ពុំ ច័ន្ទទេព និង លោក ហុក ស្រ៊ុនហេង។ បន្ថែមពីនេះទៀត និស្សិតក្រុមនេះបានទទួលជ័យលាភីលើ «សារណាការពារក្ដីតំណាងភាគីរដ្ឋដើមបណ្ដឹងដែលល្អបំផុត» ក្នុងចំណោមសាកលវិទ្យាល័យទាំងបីដែលបានចូលរួមក្នុងការប្រកួត។

បើតាមគេហទំព័រនៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ និស្សិតតំណាង AUPP ដែលបានជ័យលាភីប្រកួតលើឆាកអន្តរជាតិ រួមមាន និស្សិត ទេស ណាប់មង្គល និស្សិត ឈុំ នរគន្ធ និស្សិត ញ៉េត វិចិត្រនាថ និស្សិត ហេង សិរីមង្គល និងនិស្សិតតិច ស្រ៊ុនហួរ។ ក្រៅពីជ័យលាភីតំណាងជាតិទៅប្រកួតលើអន្តរជាតិ និស្សិតក្រុម AUPP បានទទួលជ័យលាភីលើ Best Respondent Memorial Award ។

និស្សិតតំណាងសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ
ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុកនៃ AUPP
ក្រោយជាប់តំណាងថ្នាក់ជាតិ យុវជនទាំងពីរក្រុមនេះនឹងតំណាងប្រទេសកម្ពុជាក្នុងការចូលរួមប្រកួតថ្នាក់អន្តរជាតិនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។

និស្សិតតំណាងសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ
ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុកនៃ AUPP
គួរបញ្ជាក់ថាការប្រកួតសវនាការប្រឌិត Philip C. Jessup គឺជាការប្រកួតប្រជែងតុលាការដ៏ធំបំផុតរបស់ពិភពលោក ដែលមានអ្នកចូលរួមមកពីសាលាច្បាប់ប្រហែល 700នាក់ មកពីបណ្តា 100 ប្រទេស ។ ការប្រកួតប្រជែងតុលាការអន្តរជាតិ នេះគឺជាការប្រកួតប្រជែងតស៊ូមតិសម្រាប់និស្សិតច្បាប់។ ក្រុមនិស្សិតច្បាប់ប្រកួតប្រជែងគ្នាទៅវិញទៅមកតាមរយៈការបង្ហាញការនិយាយបកស្រាយ និងជាលាយលក្ខណ៍អក្សរ ដើម្បីដោះស្រាយបញ្ហាទាន់ពេលវេលានៃច្បាប់អន្តរជាតិសាធារណៈក្នុងបរិបទនៃជម្លោះផ្លូវច្បាប់តាមបែបសម្មតិកម្មរវាងប្រជាជាតិនានា៕

និស្សិតតំណាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច
ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុកនៃ ELBBL
