Cctime 6monthsfree desktop
Cc times  web banner kh (2)

«បន្ទប់កុំព្យូទ័រ» ​នៅសៀមរាប ដែលផ្តួចផ្តើមដោយអ្នកផលិតមាតិកាជនជាតិអាម៉េរិក Chris ត្រូវបានសាងសង់រួចរាល់​ និងបើកឱ្យប្រើប្រាស់

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក Chris ជាអ្នកបង្កើតមាតិកាមួយរូបដែលមកពីអាម៉េរិក ដែលធ្លាប់បានមកកម្ពុជាកាលពី៣ឆ្នាំមុនក្នុងនាមជាអ្នកទេសចរមួយរូប បានបង្កើតនូវយុទ្ធនាការសប្បុរសធម៌មួយដើម្បីសាងសង់បន្ទប់កុំព្យូទ័រនៅក្នុងសាលារៀនជនបទមួយស្ថិតក្នុងខេត្តសៀមរាប។ «បន្ទប់កុំព្យូទ័រ» ត្រូវបានសាងសង់រួចរាល់នៅថ្ងៃ ១៣ មីនា បើតាមគេហទំព័ររបស់ Travelwithchris ។

យោងតាមគេហទំព័រហ្វេសប៊ុក Travelwithchris នាថ្ងៃទី ១៦ មីនា ២០២៥ នេះ បានឱ្យដឹងថា «បន្ទប់កុំព្យូទ័រ» ដែលលោកបានផ្តួចផ្តើមគំនិតក្នុងការរៃអង្គាសថវិកាពីអ្នកគាំទ្ររបស់ខ្លួនដើម្បីសាងសង់នៅក្នុងសាលាមួយនៅខេត្តសៀមរាប ត្រូវបានសាងសង់រួចរាល់ជាស្ថាពរនាថ្ងៃ១៣ មីនា ២០២៥ ដែលចំណាយពេលប្រមាណ ៦ សប្តាហ៍ ចាប់តាំងពីថ្ងៃចាប់ផ្តើមសាងសង់។ ជាសមិទ្ធផល លោកបានសាងសង់បន្ទប់រៀនកុំព្យូទ័ ដែលបានបំពាក់នូវកុំព្យូទ័រជាសរុបចំនួន ១៧ ម៉ាស៊ីនព្រីនចំនួន ២ ព្រមទាំងបណ្តាញ Wifi ផងដែរ។

បើតាមគេហទំព័ររបស់លោក Chris កាលពីថ្ងៃទី ១៧ វិច្ឆិកា ២០២៤ លោកសម្រេចចិត្តបង្កើតនូវសមិទ្ធផលមួយគឺរៃអង្គាសថវិកាពីសប្បុរសជនដើម្បីសាងសង់ បន្ទប់កុំព្យូទ័រសម្រាប់សាលារៀនជនបទស្ថិតក្នុងភូមិមួយនៅខេត្តសៀមរាប ដោយសារតែលោក ជឿជាក់ថាការសង់បន្ទប់កុំព្យូទ័រនេះនឹងជះឥទ្ធិពលវិជ្ជមានសម្រាប់យុវជនជំនាន់ក្រោយក្នុងតំបន់នេះ ដែលនឹងអនុញ្ញាតឱ្យកុមារដែលនៅតំបន់ដាច់ស្រយាលនៅក្នុងភូមិអាចរៀនពីរបៀបប្រើប្រាស់បច្ចេកវិទ្យាដើម្បីអាចសម្រេចបាននូវអនាគតដ៏ល្អនាពេលខាងមុខ។

រូបភាពសិស្សបង្ហាញពីសេចក្តីរីករាយក្រោយបន្ទប់កុំព្យូទ័រសាងសង់រួចរាល់

គួរបញ្ជាក់ថា លោកបានប្រើប្រាស់ GoFundMe ដើម្បីគៀរគរថវិកាពីសាធារណជនទូទាំងសាកលលោក ដោយបង្ហោះនៅក្នុងបណ្តាញសង្គមរបស់ខ្លួនដែលមានអ្នកតាមដានប្រមាណ ២លាននាក់។ លោក Chris កាលពីថ្ងៃទី ០៤ មីនា ២០២៥ បានទទួលការជួយសម្របសម្រួលពីអ្នកបង្កើតមាតិកានៅកម្ពុជា គឺលោក ឆេង សុភ័ក្រ្ត ដើម្បីជ្រើសរើស និងទិញកុំព្យូទ័រចំនួន ១៨ គ្រឿង សម្រាប់ដាក់ក្នុងសាលារៀនដែលមានតម្លៃសមរម្យ និងសាកសមសម្រាប់សិស្សក្នុងការប្រើប្រាស់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង