Cctime 6monthsfree desktop
Cc times  web banner kh (2)

«សមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល» នឹងប្រមូលផ្ដុំធនធានមនុស្សនិងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈលើវិស័យឌីជីថលឱ្យកាន់តែរឹងមាំ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងប្រៃសនីយ៍ រៀបចំ «សមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល»នឹងប្រមូលផ្ដុំធនធានមនុស្សនិងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈលើវិស័យឌីជីថលឱ្យកាន់តែមានភាពរឹងមាំ ដោយ បែងចែកជាសហគមន៍ (Community) ទៅតាមជំនាញឌីជីថលនៃផ្នែកនីមួយៗ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល ដោយក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា ក្រសួងនឹងរៀបចំ «សមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល» (Digital Professionals Association) ដោយ បែងចែកជាសហគមន៍ (Community) ទៅតាមជំនាញ ជាអាទិ៍ សហគមន៍អ្នកជំនាញទូរគមនាគមន៍ (Telecommunications) សហគមន៍អ្នកអភិវឌ្ឍន៍សុសវរ (Software Development) សហគមន៍អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud) សហគមន៍ អ្នកជំនាញបញ្ញាសិប្បនិម្មិត (Artificial Intelligence) សហគមន៍អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity) សហគមន៍ អ្នកជំនាញប្លុកឆេន (Blockchain) សហគមន៍អ្នកជំនាញអ៊ីនធឺណិតនៃវត្ថុ (Internet of Things) សហគមន៍អ្នកជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) និងសហគមន៍អ្នកជំនាញបច្ចេកវិទ្យារ៉ូបូត (Robotics)។

កន្លងមក ក្រសួងប្រៃសនីយ៍ បានដាក់ឱ្យប្រើប្រាស់ «ថ្នាលសហគមន៍ឌីជីថលកម្ពុជា» ដែលជាថ្នាលសម្រាប់ប្រមូលផ្ដុំធនធានមនុស្សឌីជីថលនៅកម្ពុជា ជាអាទិ៍ អ្នកអភិវឌ្ឍន៍សុសវរ សហគ្រិនឌីជីថល បុគ្គលពាក់ព័ន្ធ ដែលមានគុណវុឌ្ឍបច្ចេកវិទ្យាឌីជីថល និងនិស្សិត ក្នុងទម្រង់ជាការចូលរួមដោយស្ម័គ្រចិត្ត ដែលបច្ចុប្បន្ន មានអ្នកចុះឈ្មោះ ប្រមាណ ៥ ០០០ នាក់។

ការបង្កើត «ថ្នាលសហគមន៍ឌីជីថលកម្ពុជា» នេះគឺដើម្បីផ្តល់ឱកាសឱ្យអ្នកជំនាញទំនាក់ទំនងគ្នា ចែករំលែកចំណេះដឹងនិងបទពិសោធ និងស្រាវជ្រាវនិងអភិវឌ្ឍរួមគ្នា ស្វែងយល់និងផ្លាស់ប្តូរចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថលថ្មីៗ ដែលកំពុងអភិវឌ្ឍ ទទួលបានព័ត៌មានអំពីសកម្មភាពការងារអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលរបស់រាជរដ្ឋាភិបាល រៀបចំការពិភាក្សា សិក្ខាសាលា និងសន្និសីទពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ។ ថ្នាលនេះបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ឱ្យសាធារណជន ទទួលបានព័ត៌មានអំពីឱកាសហាត់ការឬចុះកម្មសិក្សា និងឱកាសការងារ នៅតាមស្ថាប័នរដ្ឋនិងឯកជន ព្រមទាំងទទួលបានព័ត៌មានអំពីអាហារូបករណ៍លើវគ្គបណ្តុះបណ្ដាល ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។ សម្រាប់ព័ត៌មានបន្ថែម ឬ ការបង្កើតគណនីក្នុងថ្នាលសហគមន៍ឌីជីថលកម្ពុជា សូមចូលតាមរយៈវេបសាយ https://dcc.gov.kh/ ឬលេខទំនាក់ទំនង ០៧៧ ៦៣០ ១៤២។

ក្រសួងប្រៃសនីយ៍ បានអំពាវនាវឱ្យ មន្ត្រីរាជការ សិស្សនិស្សិត បញ្ញវន្ត និងសាធារណជន ដែលមានជំនាញ ឌីជីថល និង/ឬកំពុងប្រកបវិជ្ជាជីវៈជំនាញឌីជីថល ចូលរួមក្នុងថ្នាលឌីជីថលមួយនេះ ដើម្បីប្រមូលផ្ដុំធនធានមនុស្ស និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈលើវិស័យឌីជីថលឱ្យកាន់តែមានភាពរឹងមាំ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង