
ភ្នំពេញ៖ ក្រុមយុវជនដើម្បីពន្លឺនិងស្នាមញញឹម នឹងរៀបចំសិក្ខាសាលាពន្លក ដើម្បីអប់រំអំពីហិរញ្ញវត្ថុ ផ្ទាល់ខ្លួន ដល់យុវជនចំនួន១០០នាក់ នៅថ្ងៃ ៣០ មីនា ២០២៥ ពីម៉ោង ១:០០ រហូតដល់ម៉ោង ៤:០០ រសៀល នៅ សហភាពសហព័ន្ធយុវជនកម្ពុជា (អគារខេមរ៉ានី)។

លោក កៅ តាយអៀង សហស្ថាបនិកនៃក្រុមយុវជនដើម្បីពន្លឺនិងស្នាមញញឹម បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា សិក្ខាសាលា «ពន្លក» គឺជាសិក្ខាសាលាមួយ ដែលអប់រំអំពីហិរញ្ញវត្ថុ ផ្ទាល់ខ្លួនរបស់យុវជន ដើម្បីឱ្យយុវជនទទួលបាននូវ ចំណេះដឹងអំពីការគ្រប់គ្រងនិងរបៀបកត់ត្រាចំណូលចំណាយ រៀនសូត្រអំពីវិធីសាស្ត្រនៃការសន្សំនិងការបណ្ដុះទម្លាប់សន្សំ ស្វែងយល់អំពីផ្នែកនៃការគ្រប់គ្រងលុយរបស់យុវវ័យផ្សេងៗទៀត។
លោក តាយអៀង បានរៀបរាប់បន្តថា មូលហេតុដែលក្រុមរបស់ខ្លួនជ្រើសរើសរៀបចំប្រធានបទពាក់ព័ន្ធនឹងហិរញ្ញវត្ថុនេះដោយសារតែ ក្រុមរបស់ខ្លួនយល់ឃើញថាសព្វថ្ងៃការអប់រំអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ពុំទាន់មានភាពទូលំទូលាយសម្រាប់យុវជនទេ ដូច្នេះការយល់ដឹងមួយចំនួនអំពីការចាយវាយក្នុងកម្រិតមួយដែលសមស្របនិងការបណ្ដុះទម្លាប់សន្សំដោយប្រសិទ្ធភាព របស់យុវជននៅមានចន្លោះខ្វះខាតនៅឡើយ។ ម្យ៉ាងទៀត លោកយល់ឃើញថា អនាគតមួយដែលល្អប្រសើរគឺ អាស្រ័យលើបច្ចុប្បន្នភាពរបស់យុវជន ដូច្នេះសម្រាប់យុវជន គឺសំខាន់ណាស់ ដែលទទួលបានការយល់ដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានល្អពីពេលនេះទៅ ដើម្បីអាចរៀបចំអនាគតមួយដែលល្អប្រសើរនៅថ្ងៃខាងមុខ។

កម្មវិធីសិក្ខាសាលា «ពន្លក» នឹងត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការគ្រប់គ្រងលុយសម្រាប់យុវវ័យ» នឹងចែករំលែកដោយវាគ្មិនកិត្តិយស អ្នកស្រី គីម សុីដដាវីស ជាសាស្ត្រចារ្យជំនួយនិងអ្នកបង្កើតមាតិកាអប់រំមួយរូបក្នុងបណ្ដាញសង្គមផងដែរ។
សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី ៣០ មីនា ២០២៥ ពីម៉ោង ១:០០ រហូតដល់ម៉ោង ៤:០០ រសៀល នៅ សហភាពសហព័ន្ធយុវជនកម្ពុជា (អគារខេមរ៉ានី) អនុញ្ញាតឱ្យយុវជន ដែលជានិស្សិតកំពុងរៀននៅសាកលវិទ្យាល័យ ឬ យុវជនដែលទើបបញ្ចប់ការសិក្សាចូលរួមដោយសេរីចំនួន១០០នាក់ ដោយមិនមានការគិតថ្លៃនៃការចូលរួមទេ។ ដើម្បីអាចចូលរួមបាន យុវជនអាចចុះឈ្មោះតាមរយៈតំណភ្ជាប់ Link ឱ្យបានមុនថ្ងៃទី ២៨ មីនា ២០២៥។

គួរបញ្ជាក់ថា កម្មវិធីសិក្ខាសាលាពន្លក ត្រូវបានរៀបចំឡើងដោយយុវជនមួយក្រុមដែលមានឈ្មោះថា ក្រុមយុវជនដើម្បីពន្លឺនិងស្នាមញញឹម ដែលជានិស្សិតមួយក្រុមដែលមានឆន្ទៈក្នុងការបង្កើតផលវិជ្ជមានក្នុងសង្គម មានឈ្មោះដូចជា លោក កៅ តាយអៀង កញ្ញា អឹុម មុន្នីសូម៉ាវត្តីន៍ និងកញ្ញា វណ្ណៈ សុធានាថ ។ មកដល់ពេលនេះ យុវជនក្រុមនេះ បានសម្រេចបាននូវសមិទ្ធផលកម្មវិធីផ្សេងៗដូចជា ការជួយអ្នកធាក់ស៊ីក្លូ ការរៀបចំកម្មវិធីសិក្ខាសាលាពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត និងការរៀបចំគោលលដៅជីវិត និងកម្មវិធីនានា៕