Cctime 6monthsfree desktop
Cc times  web banner kh (2)

សិស្សប្រមាណ២០០នាក់ ចូលរួមពិធីបើកកម្មវិធី Technovation x Future Digital Talents ដើម្បីចាប់យកជំនាញ«ឌីជីថល និង សហគ្រិនភាព»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធី Technovation x Future Digital Talents ថ្ងៃទី១០ ខែមីនា បានរៀបចំពិធីបើក ដើម្បីណែនាំសិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាល អាចត្រៀមលក្ខណៈដើម្បីចាប់យកជំនាញឌីជីថល និង សហគ្រិនភាព សម្រាប់ការប្រកួតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិនាពេលខាងមុខនេះជាសរុបប្រមាណ​២០០នាក់ ។កម្មវិធីបើកនេះ មានការប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជា វ៉ាន់ដេត រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងលោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ។

កម្មវិធី “Technovation x Future Digital Talents 2025” ត្រូវបានរៀបចំឡើងដោយសហគមន៍ Technovation Cambodia និង មានការគាំទ្រ និងសហការជាមួយ នឹងក្រសួងអប់រំ និង ក្រសួងប្រៃសនីយ៍ ក្នុងគោលបំណងជំរុញសិស្សនារី ឱ្យចាប់អារម្មណ៍ និងសិក្សាផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាព ប្រកដោយនវានុវត្តន៍ ដើម្បីបង្កើនអត្រាអ្នកចូលរួមជាស្ត្រីក្នុងវិស័យបច្ចេកវិទ្យាឱ្យកាន់តែច្រើន។

ដោយមើលឃើញពីតម្រូវការ និងសមភាពនៃការចូលរួមប្រកួតប្រជែងរបស់ សិស្សានុសិស្សទាំងប្រុស ទាំងស្រី Technovation Girls Cambodia បានរួមសហការជាមួយ Future Digital Talents ដើម្បីប្រែក្លាយជាកម្មវិធីមួយដែលមានការចូលរួមពីសិស្សទូទៅ ក្នុងការទទួលបានការអប់រំតាមបែបបច្ចេកវិទ្យា និងដើម្បីចូលរួមប្រកួតប្រជែងនៅកម្រិតថ្នាក់ជាតិ។

លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ

លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ ​បានលើកឡើងថា កម្មវិធី Technovation កម្ពុជា គឺជាកម្មវិធីមួយ ដែលមានសក្តានុពល និងបានដើរតួនាទី ជាកម្លាំងចលករមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា ជាពិសេស គឺការគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗជាកុមារី ជាយុវនារីក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាព ដែលមានអាយុចាប់ពី៨ ដល់១៨ឆ្នាំ តាមរយៈការ បណ្តុះគំនិតឱ្យបានយល់ដឹង បង្កើនទំនុកចិត្ត និងសេចក្តីក្លាហាន ក្នុងការជ្រើសរើសយកវិស័យបច្ចេកវិទ្យា ជាជំនាញសម្រាប់បន្តការសិក្សានាពេលអនាគត និងជាពិសេសបង្កើនចំនួនស្ត្រីមានអាជីពវិជ្ជាជីវៈលើផ្នែកបច្ចេកវិទ្យាកាន់តែច្រើនផងដែរ។

ចំណែកលោក ពិដោរ លីដែត សហស្ថាបនិកនៃ Tech for Kids Academy ក្នុងឆ្នាំ២០២៥ នេះ កម្មវិធី Technovation មានគ្រឹះស្ថានសាធារណៈប្រមាណជា ៣៤សាលា មាន ១២រាជធានី-ខេត្តចូលរួម ដោយមានដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង និងខេត្តពោធិ៍សាត់ ក្នុងនោះដែរ មានសាលាចំនួន៥ មកពីស្រុកកងមាស ខេត្តកំពង់ចាម បានចូលរួមក្នុងកម្មវិធីនេះ រាប់ចាប់ពីកម្រិតបឋមសិក្សា រហូតដល់កម្រិតវិទ្យាល័យ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង