
ភ្នំពេញ៖ ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ(Royal Group Phnom Penh SEZ) នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងឱកាសនោះ សម្តេចម ហ៊ុន ម៉ាណែត បានអញ្ជើញចូលពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធក្នុងអគារទារកដ្ឋាន និងបានសំណេះសំណាលជាមួយអាណាព្យាបាលទារកនិងកុមារចំនួនជាង ១៦០នាក់ ដែលជាកម្មករនិយោជិតកំពុងបំពេញការងារនៅក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល នេះផងដែរ។
គោលបំណងនៃការបង្កើតទារកដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន គឺដើម្បីធានាថា ទារកនិងកុមារទាំងនោះទទួលបានការថែទាំនិងអប់រំប្រកបដោយគុណភាព និងស្តង់ដាដែលជួយគាំទ្រការលូតលាស់ និងអភិវឌ្ឍផ្នែករាងកាយ ព្រមទាំងផ្នែកបញ្ញានិងស្មារតី ក៏ដូចជាផ្តល់ពេលវេលាឱ្យឳពុកម្តាយ ឬអាណាព្យាបាលដែលជាកម្មករនិយោជិតមានឱកាសធ្វើការងារដើម្បីទទួលបានប្រាក់ចំណូល។
បើតាមសេចក្ដីប្រកាស ហេដ្ឋារចនាសម្ព័ន្ធនៃអគារទារកដ្ឋាន រោងចក្រ ម៉ាវ៉ល ហ្គាមិន មានដូចជា បន្ទប់បំបៅកូន, បន្ទប់គេងទារក, បន្ទប់គេងកុមារតេះតះ, បន្ទប់សកម្មភាព និងសិក្សា, បន្ទប់មុជទឹក, បន្ទប់ទឹក, ឡាវ៉ាបូកុមារ, ឡាវ៉ាបូមនុស្សធំ, បង្គន់កុមារ, បង្គន់មនុស្សធំ, បន្ទប់បោកគក់, បន្ទប់កម្តៅអាហារ, ទ្វាអាសន្ន, កន្លែងផ្តល់ព័ត៌មាន និងការិយាល័យ។
នៅក្នុងទារកដ្ឋានបានបំពាក់សម្ភារៈ បរិក្ខារ និងរៀបចំជាពិសេសដើម្បីធានាសុវត្ថិភាព និងសុខភាពដល់ទារក កុមារ និងបុគ្គលិកទារកដ្ឋានមានដូចជា៖ បំពាក់សំណាញ់នៅតាមបង្អួចទាំងអស់ ដើម្បីការពារសត្វមូស ឬសត្វល្អិតចូលក្នុងទារកដ្ឋាន និងមានទំហំបង្អួចសមស្រប និងបំពាក់ប្រព័ន្ធ បញ្ចេញបញ្ចូលខ្យល់ ដែលធ្វើឱ្យមានលំហូរខ្យល់ចេញចូលគ្រប់គ្រាន់ក្នុងអគារទាំងមូល, បំពាក់អំពូលបំភ្លឺ ដែលមានកម្រិតពន្លឺ និងការបំភ្លឺ ស្របតាមបទដ្ឋានកម្រិតពន្លឺ និងការបំភ្លឺនៅតាមបន្ទប់នីមួយៗ, បំពាក់ប្រអប់សង្គ្រោះបឋម បំពង់ពន្លត់អគ្គិភ័យ ឧបករណ៍ចាប់ផ្សែង កណ្តឹងអាសន្ន ច្រកទ្វារអាសន្ន ប្រព័ន្ធកាំមេរ៉ាសុវត្ថិភាពនៅតាមបន្ទប់សំខាន់ៗ និងបំពាក់កង្ហារនៅតាមបន្ទប់នីមួយៗ, ផ្ទៃកញ្ចក់នៅតាមទ្វារ និងបង្អួច គឺជាប្រភេទកញ្ចក់ស្ងោរស្វិត និងរឹងមាំល្អ ដើម្បីការពារការប្រេះបែក ឬខូចករណីកុមារវាយ ឬគប់របស់លេងចំ, ក្រាលកម្រាលស្នោរក្រាស់នៅបន្ទប់សកម្មភាព ជញ្ជាំង បន្ទប់គេងទារក និងបន្ទប់គេងកុមារតេះតះ ដើម្បីការពារកុមារពីការប៉ះទង្គិចក្បាល និងដួល៕








