
ភ្នំពេញ៖ Future Tech Founders x Technovation Girls Cambodia ផ្តល់កម្មវិធីបណ្តុះបណ្តាលឥតគិតថ្លៃរយៈពេល ១២ សប្តាហ៍ សម្រាប់សិស្សានុសិស្សទាំងប្រុសនិងស្រី ដែលមានអាយុចន្លោះ ៨-១៨ ឆ្នាំដើម្បីស្វែងយល់អំពីសហគ្រិនភាព និងបច្ចេកវិទ្យា ដើម្បីត្រៀមខ្លួនក្លាយជាបុគ្គលដ៏មានសក្ដានុពល និងរួមចំណែកកសាងសង្គម។ កម្មវិធីនឹងបន្តទទួលពាក្យដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ ។
យោងតាមសេចក្តីជូនដំណឹងនៃ Technovation Cambodia បានឱ្យដឹងថា Future Tech Founders x Technovation Girls Cambodia នឹងក្លាយជាវេទិកាដ៏ល្អសម្រាប់សិស្សានុសិស្សដែលមានអាយុចន្លោះ ៨ ទៅ ១៨ ឆ្នាំ បង្ហាញទេពកោសល្យរបស់ខ្លួន តាមរយៈការធ្វើការជាក្រុមបង្កើតកម្មវិធីទូរស័ព្ទដៃ ដើម្បីបង្កើតដំណោះស្រាយថ្មីៗសម្រាប់បញ្ហាសង្គម។ មុននឹងបង្កើតជាកម្មវិធីទូរស័ព្ទដៃ សិស្សានុសិស្សនឹងទទួលបានការបណ្តុះបណ្តាលអំពីជំនាញសហគ្រិនភាព និងជំនាញបច្ចេកទេស ដូចជា ការសរសេរកូដ និងបច្ចេកវិទ្យា AIជាដើម។

ក្រុមដែលបង្ហាញសមត្ថភាពល្អបំផុត ទាំងបុរស និងនារី ក្នុងការ«ប្រកួតថ្នាក់ជាតិ» នឹងទទួលបានដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី ។ ហើយសម្រាប់ក្រុមនារីវិញ ប្រសិនបើបានជាប់នៅក្នុងវគ្គជម្រុះ នៃកម្មវិធីប្រកួតតេណូវេសិនពិភពលោក (Technovation Global) បេក្ខជននឹងត្រូវធ្វើដំណើរទៅកាន់ Silicon Valley នៅ«សហរដ្ឋអាមេរិក» ដើម្បីប្រកួត និងឡើងធ្វើបទបង្ហាញលើឆាកអន្តរជាតិ។ សិស្សានុសិស្សដែលមានចាប់អារម្មណ៍ដាក់ពាក្យ ត្រូវដាក់ត្រឹមថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ តាមរយៈតំណភ្ជាប់៖ Link ។

ដើម្បីអនុញ្ញាតឱ្យសាធារណជន ជាពិសេស អាណាព្យាបាល និងសិស្សានុសិស្សអាចយល់ដឹងពីកម្មវិធីកាន់តែស៊ីជម្រៅ អ្នករៀបចំគម្រោងបានរៀបចំកម្មវិធីបើកនៅថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ៨ព្រឹក - ៤ល្ងាច នៅទីតាំង សាកលវិទ្យាល័យអាម៉េរិកកាំងភ្នំពេញ ។ កម្មវិធីបើកនេះនឹងមានការចូលរួមពីតំណាងមកពីក្រសួងអប់រំ ព្រមទាំង ក្រសួងប្រៃយសនីយ៍ ព្រមទាំងតំណាងនៃអ្នករៀបចំកម្មវិធី។ ជាពិសេស សិស្សនឹងមានឱកាសចូលរួមសកម្មភាពអនុវត្តជាក់ស្តែងជាក្រុម ជាមួយសិស្សានុសិស្សដទៃទៀតដែលមានគំនិតនិងចំណាប់អារម្មណ៍ដូចគ្នា ស្តីពីការកំណត់បញ្ហាសហគមន៍ និងស្វែងយល់ពីរបៀបដែលបច្ចេកវិទ្យាអាចក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការដោះស្រាយបញ្ហាទាំងនោះ។
.jpg?1741338815)
គួរបញ្ជាក់ថា Technovation Cambodia x Future Digital Talents ត្រូវបានរៀបចំឡើងដោយ Tech For Kids សហការជាមួយ 606 Digital ឧបត្ថម្ភដោយ CBRD Fund និងមានការគាំទ្រដោយក្រសួងអប់រំ និងក្រសួងប្រៃយសនីយ៍៕