ភ្នំពេញ៖ កញ្ញា ហេង សូផានីតា ប្រឡងមធ្យមសិក្សាទុតិយភូមិចប់កាលពីឆ្នាំ២០២៣ បានពន្យារពេលចូលរៀននៅសាកលវិទ្យាល័យដើម្បីស្វែងរកអ្វីដែលខ្លួនចូលចិត្តធ្វើជាអាជីពនាពេលខាងមុខ ដើម្បីសម្រេចចិត្តជ្រើសរើសជំនាញនៅសាកលវិទ្យាល័យ។ អំឡុងពេលពន្យារពេលសិក្សា កញ្ញា ត្រូវបានជ្រើសរើសចូលរួមកម្មវិធីហាត់ការ និងផ្លាស់ប្តូរការសិក្សាជាសរុប ៨ ប្រទេស ដែលធ្វើឱ្យកញ្ញាឈ្វេងយល់ពីអាជីពក្នុងក្តីស្រមៃ។

កញ្ញា ហេង សូផានីតា ជាសិស្សដែលបានបញ្ចប់ការសិក្សាវិទ្យាល័យ កាលពីឆ្នាំ ២០២៣ មកពីវិទ្យាល័យអ៊ីធូស្ទេម អេឌូខេសិន ព្រះយុគន្ធរ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាបានពន្យារពេលការចូលរៀនសកលវិទ្យាល័យដោយសារមូលហេតុមួយចំនួន គឺការមិនទាន់ត្រៀមខ្លួនផ្នែកផ្លូវចិត្តបានរួចរាល់ក្នុងការសិក្សានៅថ្នាក់សាកលវិទ្យាល័យ និងមានបំណងចំណាយពេលវេលាសាកល្បងធ្វើរឿងដែលខ្លួនមិនធ្លាប់ធ្វើកន្លងមកដូចជា ការធ្វើការងារស្ម័គ្រចិត្តទាំងក្នុងស្រុកនិងក្រៅស្រុក និងការចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់យុវជនជំនាន់ក្រោយ។

បើតាមកញ្ញា សូផានីតា កញ្ញាបានសហការជាមួយមិត្តរបស់ខ្លួនដើម្បីសិក្ខាសាលានៅឯ សាលាមួយឈ្មោះ Xavier Jesuit School នៃខេត្តបន្ទាយមានជ័យ ដែលផ្តោតសំខាន់ទៅលើជំនាញដែលចាំបាច់ក្នុងសតវត្សទី២១ដូចជាភាពជាអ្នកដឹកនាំ ការដោះស្រាយបញ្ហា ការប្រាស័យទាក់ទង និងការសហការគ្នា កាលពីឆ្នាំ២០២៤ ។ បន្ថែមពីនេះក្នុងឆ្នាំ២០២៤-២០២៥ កញ្ញាបានជាប់ឈ្មោះចូលរួមកម្មវិធីពីរផ្សេងគ្នាទៅក្រៅប្រទេស គឺ កម្មវិធីហាត់ការរយៈពេលបីខែ ដែលមានឈ្មោះថា Take Action Lab នៅប្រទេសអាហ្វ្រិកខាងត្បូង និង កម្មវិធី Baret Scholars ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សាទៅបណ្តាប្រទេសចំនួន៧ ដើម្បីសិក្សាពីវប្បធម៌ អរិយធម៌ និង ប្រវត្តិសាស្ត្រផ្សេងៗ។
តាមរយៈការហាត់ការនៅអាហ្វ្រិកខាងត្បូង ដោយធ្វើជាយុវជនស្ម័គ្រចិត្តនៅក្នុងអង្គការ Sozo Foundation អំឡុងខែមីនា ដល់ខែឧសភា ឆ្នាំ ២០២៤។ ក្នុងកម្មវិធីស្ម័គ្រចិត្តនេះ កញ្ញាបានសហការជាមួយនឹងយុវជន៥នាក់ផ្សេងទៀតបានបង្កើតជាកម្មវិធីរែអង្គាសប្រាក់សម្រាប់ជួយឧបត្ថម្ភបន្ថែមទៅលើអង្គការ។ បន្ថែមពីនេះ កញ្ញាបានរៀនពីការសម្របខ្លួនរស់នៅ ជាមួយជាតិសាសន៍ដទៃ និងរៀនពីវប្បធម៌ពីយុវជនដែលមកពីបណ្តាប្រទេសផ្សេងៗគ្នា។ រហូតមកដល់ខែកញ្ញា ឆ្នាំ ២០២៤ ដល់ខែឧសភា ២០២៥ កញ្ញាបានចូលរួមកម្មវិធី Baret Scholars ដែលជាកម្មវិធីរយៈពេល ៩ ខែដែលផ្តល់ឱកាសឱ្យខ្ញុំបានធ្វើដំណើរទៅកាន់ប្រទេសចំនួន៧ដូចជា ប្រទេសអាមេរិក ប្រទេសប្រេស៊ីល ប្រទេសបារាំង ប្រទេសទួគី ប្រទេសគេនយ៉ា ប្រទេសឥណ្ឌា និង ប្រទេសចិន ។ កម្មវិធីនេះបានធ្វើឱ្យ កញ្ញា សូផានីតា បានជួបជាមួយនឹងវាគ្មិនជាច្រើនរូបដែលមានជំនាញផ្សេងៗគ្នាមកចែករំលែកបទពិសោធន៍ និងស្គាល់សិស្សានុសិស្ស ១០៣ នាក់ដែលមកពី ៤០ ប្រទេសផ្សេងគ្នា ។

តាមរយៈការធ្វើដំណើរជាច្រើនប្រទេសជួបនូវអ្នកដែលមានបទពិសោធន៍មកពីបណ្តាប្រទេសនានា បានធ្វើឱ្យកញ្ញាឈ្វេងយល់ដឹងថាខ្លួនស្រឡាញ់ជំនាញអគ្គិសនី និងមានបំណងចាប់យកអាជីពនេះនាពេលខាងមុខ ដែលសង្ឃឹមថាខ្លួននឹងអាចជាផ្នែកមួយក្នុងការលើកកម្ពស់ចំនួនស្រ្តីក្នុងវិស័យវិទ្យាសាស្រ្ត។ កញ្ញា ជឿជាក់ថា ការសិក្សាជំនាញវិទ្យាសាស្រ្ត នឹងធ្វើឱ្យកញ្ញាអាចជះឥទ្ធិពលវិជ្ជមាន ទៅកាន់ក្មេងស្រីផ្សេងទៀតដើម្បីហ៊ានចាប់យកអាជីពក្នុងវិស័យមួយនេះ។

កញ្ញា ហេង សូផានីតា បន្តថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ចំពោះកញ្ញា ការពន្យារការសិក្សានេះបានជួយកញ្ញាឱ្យសម្រេចបាននូវរឿងជាច្រើន ដែលធ្វើឱ្យយុវជនរូបនេះ ព្យាយាមចំណាយពេលឱ្យបានល្អជាងមុន ចេះកំណត់ផែនការក្នុងដំណើរជីវិតជាសិស្សដឹងពីជំនាញដែលខ្លួនស្រលាញ់ ។ ជាពិសេស កញ្ញាហ៊ានសាកល្បងអ្វីដែលមិនធ្លាប់ធ្វើពីមុនដោយបន្ថយការខ្លាចមតិពីអ្នកជុំវិញ និង យល់ដឹងពីរប្បធម៌នៃបណ្តាប្រទេសផ្សេងៗ ដែលចេះប្រាស្រ័យទាក់ទងកាន់តែមានប្រសិទ្ធភាពជាងមុន។

ជាចុងក្រោយ កញ្ញា លើកទឹកចិត្តយុវជនជំនាន់ក្រោយក្នុងការពន្យារការសិក្សាក្នុងកាលៈទសៈដែលនៅមិនទាន់ដឹងថាខ្លួនចង់ធ្វើអ្វីនាពេលអនាគតហើយចង់ស្វែងយល់ពីខ្លួនឯងបន្ថែម ឬ មិនទាន់ត្រៀមផ្លូវចិត្តក្នុងការបន្តការសិក្សាបានរួចរាល់ដើម្បីត្រៀមលក្ខណៈបានកាន់តែប្រសើរជាងមុន មុននឹងសម្រេចចិត្តជ្រើសរើសជំនាញ និងសាកលវិទ្យាល័យបន្តការសិក្សា៕