Cctime 6monthsfree desktop
Cc times  web banner kh (2)

ចិនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ១០ រូបសិក្សាថ្នាក់បរិញ្ញាបត្រជំនាញពាក់ព័ន្ធនឹង«វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ ជ្រើសរើសនិស្សិតដើម្បីប្រឡងប្រជែងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅ Southern University of Science and Technology (SUSTech) រយៈពេល៤ឆ្នាំ នៅប្រទេសចិន។​ អាហារូបករណ៍នេះផ្តល់ជូនសម្រាប់សិក្សាជំនាញប្រមាណ ១៤ ដែលពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ បានឱ្យដឹងថា សាកលវិទ្យាល័យនៅចិនដែលមានឈ្មោះថា The Southern University of Science and Technology (SUSTech) នឹងផ្តល់អាហារូបករណ៍ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ តាមកម្មវិធីអន្តរជាតិ (International Program) រយៈពេល ០៤ឆ្នាំ ដោយចាប់ផ្តើមពីខែសីហា ឆ្នាំ២០២៥ នៅចិន។ ក្នុងអាហារូបករណ៍នេះ ចិននឹងរ៉ាប់រងថ្លៃសិក្សា ការស្នាក់នៅ ប្រាក់អាហារូបករណ៍ប្រចាំខែ។ រីឯសំបុត្រ យន្តហោះទៅ-មក ជាបន្ទុករបស់សាមីជន។

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

ជំនាញដែលសាកលវិទ្យាល័យផ្តល់ជូន មានពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា មានប្រមាណ ១៤ ជំនាញដូចដែលបានរៀបរាប់ក្នុងសេចក្តីជូនដំណឹង។ ដើម្បីអាចជាប់អាហារូបករណ៍នេះបាន និស្សិតត្រូវដាក់ពាក្យជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន បន្ទាប់មកក្រសួងនឹងបញ្ជូនឈ្មោះចំនួន ២០ រូបទៅកាន់ចិន ដើម្បីសាកលវិទ្យាល័យចិនជាអ្នកសម្រេចចិត្តផ្តល់អាហារូបករណ៍។

បើតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា មានសញ្ញាតិខ្មែរ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមាននិទ្ទេស A, B, ឬ C និងមានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ។ ជាពិសេស​ បេក្ខជននឹងឆ្លងកាត់ការប្រឡង ដែលក្នុងនោះមានវិញ្ញាសា គណិតវិទ្យា និងភាសាអង់គ្លេស។ ការទទួលពាក្យ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ចំណែកឯ ការប្រឡងនឹងប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥។

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

គួររំលឹកថា ដើម្បីអាចដាក់ពាក្យអាហារូបករណ៍នេះ បេក្ខជនត្រូវភ្ជាប់មកជាមួយនឹងឯកសារនានាដូចជាំ បង្កាន់ដៃទទួលពាក្យប្រឡង ពាក្យសុំអាហារូបករណ៍ - ជីវប្រវត្តិសង្ខេប រូបថត ៤ គុណ ៦ ចំនួន ៤សន្លឹក ដែលមានផ្ទៃខាងក្រោយពណ៌ស ថតថ្មី។ ជាពិសេស និស្សិតត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ច្បាប់ថតចម្លង) ដោយភ្ជាប់មកជាមួយនូវច្បាប់ដើមដើម្បី ពិនិត្យនិងផ្ទៀងផ្ទាត់ និងលិខិតបញ្ជាក់ពីគ្រឹះស្ថានសិក្សាចំពោះបេក្ខជនជានិស្សិត៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង