
ភ្នំពេញ៖ លោក Chris ជាអ្នកបង្កើតមាតិកាមួយរូបដែលមកពីអាម៉េរិក ដែលធ្លាប់បានមកកម្ពុជាកាលពី៣ឆ្នាំមុនក្នុងនាមជាអ្នកទេសចរមួយរូប បានបង្កើតនូវយុទ្ធនាការសប្បុរសធម៌មួយដើម្បីសាងសង់បន្ទប់កុំព្យូទ័រនៅក្នុងសាលារៀនជនបទមួយស្ថិតក្នុងខេត្តសៀមរាប។ លោក ជឿជាក់ថាការសង់បន្ទប់កុំព្យូទ័រនេះនឹងជះឥទ្ធិពលវិជ្ជមានសម្រាប់យុវជនជំនាន់ក្រោយក្នុងតំបន់នេះ។
យោងតាមគេហទំព័រហ្វេសប៊ុក Travelwithchris កាលពីថ្ងៃទី ១៧ វិច្ឆិកា ២០២៤ បានឱ្យដឹងថា នាពេលដែលលោកបានមកដល់កម្ពុជាដំបូងកាលពី៣ឆ្នាំមុន លោកពិតជាពេញចិត្តវប្បធម៌ និងប្រជាជនកម្ពុជាណាស់។ រហូតដល់បច្ចុប្បន្នលោកសម្រេចចិត្តបង្កើតនូវសមិទ្ធផលមួយគឺរៃអង្គាសថវិកាពីសប្បុរសជនដើម្បីសាងសង់ បន្ទប់កុំព្យូទ័រសម្រាប់សាលារៀនជនបទស្ថិតក្នុងភូមិមួយនៅខេត្តសៀមរាប។

បើតាមការលើកឡើងរបស់ Chris ក្នុងបណ្តាញសង្គមកាលពីឆ្នាំ២០២៤ លោកជឿជាក់ថាការសាងសង់បន្ទប់រៀនកុំព្យូទ័រ នឹងអនុញ្ញាតឱ្យកុមារដែលនៅតំបន់ដាច់ស្រយាលនៅក្នុងភូមិអាចរៀនពីរបៀបប្រើប្រាស់បច្ចេកវិទ្យាដើម្បីអាចសម្រេចបាននូវអនាគតដ៏ល្អនាពេលខាងមុខ។បន្ថែមពីការសាងសង់បន្ទប់រៀនកុំព្យូទ័រ លោកនឹងសាងសង់អគារបន្ថែមនៅក្នុងសាលារៀន ដែលនឹងដាក់ម៉ាស៊ីនត្រជាក់ តុ កុំព្យូទ័រប្រមាណ ១០ ទៅ ១៥ ម៉ាស៊ីនព្រីន សម្រាប់ប្រើប្រាស់នៅក្នុងសាលារៀនមួយនេះ។

ដើម្បីអាចសម្រេចបាននូវឆន្ទៈសាងសង់ថ្នាក់រៀនកុំព្យូទ័រ លោកបានប្រើប្រាស់ GoFundMe ដើម្បីគៀរគរថវិកាពីសាធារណជនទូទាំងសាកលលោក ដោយបង្ហោះនៅក្នុងបណ្តាញសង្គមរបស់ខ្លួនដែលមានអ្នកតាមដានប្រមាណ ២លាននាក់។ ជាសមិទ្ធផល លោកទទួលបានការគាំទ្រជាខ្លាំងនូវសកម្មភាពសប្បុរសធម៌របស់ខ្លួនក្នុងរយៈពេលជាង៤ខែមកនេះ អ្នកផលិតមាតិការូបនេះ ទទួលបានការគាំទ្រពីសប្បុរសជនប្រមាណជិត ៦០០នាក់ ដែលទទួលបានប្រាក់ជាសរុប $26,499 គិតត្រឹមថ្ងៃទី ០៥ មីនា ២០២៥ ដើម្បីសាងសង់ទីតាំងសម្រាប់សិស្សរៀនកុំព្យូទ័រ។

ក្រោយទទួលបានការគាំទ្រគួរជាទីកត់សម្គាល់ Chris នាថ្ងៃទី០៧ កុម្ភៈ បានជួបជាមួយនឹងមន្រ្តីក្នុងភូមិ និងគណៈគ្រប់គ្រងសាលារៀនដើម្បីគណនានូវចំណាយដែលត្រូវប្រើប្រាស់ដើម្បីសាងសង់ថ្នាក់កុំព្យូទ័រនិងអគារនៅក្នុងសាលារៀនដែលរំពឹងថានឹងរួចរាល់ក្នុងរយៈពេល ៦សប្តាហ៍បន្ទាប់។

គួរបញ្ជាក់ថា លោក Chris កាលពីថ្ងៃទី ០៤ មីនា ២០២៥ បានទទួលការជួយសម្របសម្រួលពីអ្នកបង្កើតមាតិកានៅកម្ពុជា គឺលោក ឆេង សុភ័ក្រ្ត ដើម្បីជ្រើសរើស និងទិញកុំព្យូទ័រចំនួន ១៨ គ្រឿង សម្រាប់ដាក់ក្នុងសាលារៀនដែលមានតម្លៃសមរម្យ និងសាកសមសម្រាប់សិស្សក្នុងការប្រើប្រាស់៕