Cctime 6monthsfree desktop
Cc times  web banner kh

គណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវ«ថ្នល់-ស្ពាន»តាមក្រវាត់ព្រំដែនក្នុងខេត្តមណ្ឌលគីរី និងរតនគីរី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងខេត្តមណ្ឌលគីរី និងខេត្តរតនគីរី ដែលកំពុងស្ថាបនាដោយ កងឯកភាពស្ថាបនាថ្នល់-ស្ពាន នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នៅថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៥។

ក្រុមការងារកិច្ចដឹកនាំដោយ លោក គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងទិសមណ្ឌលគីរី និងទិសរតនគីរី ដែលកំពុងស្ថាបនាដោយ កងឯកភាពស្ថាបនាថ្នល់-ស្ពាន នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ។

ក្រុមការងារ បានត្រួតពិនិត្យទៅលើក ការស្ថាបនាផ្លូវក្រាលគ្រួសថ្ម, ការងារបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ, ការឈូសផ្លូវទទឹង ៥ម៉ែត្របើកមុខសម្រាប់រកខ្សែផ្លូវដំបូង, ការឈូសផ្លូវទទឹង ២០ម៉ែត្រសម្រាប់រកអ័ក្សផ្លូវ និងការងារលុបជ្រលង ចិតជញ្ជាំងភ្នំ និងបន្ទាបចំណោទភ្នំ, ការងារសំណង់មុខទឹក រួមនិងសំណង់សិល្បការ្យមួយចំនួនទៀត ដែលកងកម្លាំងវិស្វកម្មទាំង៦កងឯកភាព កំពុងមមាញឹកក្នុងការស្ថាបនាសម្រេចបានលទ្ធផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ។

ក្នុងឱកាសនោះ លោក គឹម ប៊ុនថាន បានកោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាន កងឯកភាពទាំង៦ នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដែលក្នុងរយៈពេលកន្លងមកនេះ បានយកចិត្តទុកដាក់ ពុះពារជម្នះរាល់ឧបសគ្គ-គ្រោះថ្នាក់ ការលំបាកនិងធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែង ធ្វើការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី និងខេត្តរតនៈគីរី ដែលរហូតមកដល់ថ្ងៃនេះ គឺសម្រេចបានលទ្ធផលយ៉ាងច្រើន៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង