
(ចិន)៖ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន៤ របស់ប្រទេសចិន បានឆ្លងផុតដំណាក់កាលសាកល្បងព្យាបាល(CLINICAL TRIAL)ទី៣ហើយ មានប្រជាជនចំនួន ០៦ម៉ឺននាក់ ទទួលការធ្វើតេស្តដោយពុំមានរបាយការណ៍អំពីប្រតិកម្មធ្ងន់ធ្ងរ។
លោក Tian Bao guo អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គមនៃក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិន បាននិយាយនៅថ្ងៃអង្គារនេះបានបន្តថា៖ យោងតាមលទ្ធផលនេះបានបង្ហាញអោយឃើញ ក្នុងដំណាក់កាលដំបូងថា វាក់សាំងនេះលទ្ធផលល្អ និងមានសុវត្ថិភាព។
លោកបន្តថា ការចាក់វ៉ាក់សាំងសាកល្បងនៃវ៉ាក់សាំងទាំង៤ ខាងលើក៏ធ្លាប់មានប្រតិកម្មមិនល្អមួយចំនួនផងដែរ ប៉ុន្តែពួកគេមានសភាពស្រាលវិញដូចជាមានការឈឺចាប់នៅកន្លែងចាក់វ៉ាក់សាំង មានការហើមក្រហម និង គ្រុនក្តៅជាដើម។
បើតាមលោក Tian Bao guo បញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសចិនកំពុងស្រាវជ្រាវបង្កើតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន១៣ បានឈានដល់ដំណាក់កាលសាកល្បងព្យាបាល ក្នុងនោះមានវ៉ាក់សាំងចំនួន៤ ឆ្លងផុតដំណាក់កាលសាកល្បងព្យាបាល(CLINICAL TRIAL) ទី៣។
លោក លីវ ជីង ចិន អគ្គនាយកសាជីវកម្មឱសថជាតិចិន(China National Pharmaceutical Group Corp)បានមានប្រសាសន៍ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំសម្រាប់ផលិតកម្មទ្រង់ទ្រាយធំ ដោយមានគំរោងនៅក្នុងឆ្នាំក្រោយផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ច្រើនជាងមួយពាន់លានដូស។
វ៉ាក់សាំងចំនួនពីររបស់ក្រុមហ៊ុននេះបានឈានដល់ដំណាក់កាលទី៣ នៃការសាកល្បងព្យាបាលក្នុងខែកក្កដាហើយគ្រោងនឹងចាប់ផ្តើមចេញលក់នៅទីផ្សារនៅចុងខែធ្នូខាងមុខនេះ។ លោក លីវ ជីង ចិនបាននិយាយថា អត្រាការពារវ៉ាក់សាំងគឺមានរហូតដល់ ១០០ភាគរយ រយៈពេលនៃការព្យាបាលគឺ ២ដូស ហើយតម្លៃគួរតែស្ថិតក្រោម ១០០០យ័ន៕
