
អាម៉េរិក៖ សហរដ្ឋអាម៉េរិក បានប្រកាសថ្កោលទោសប្រទេសថៃ ក្នុងការសម្រេចចិត្តបញ្ជូនជនជាតិភាគតិចអ៊ុយហ្គួរប្រមាណ៤០នាក់ ត្រឡប់ទៅប្រទេសចិនវិញ ដោយការបញ្ចូនពួកគេទៅប្រទេសចិនវិញនេះនឹងបណ្តាលឲ្យពួកគេប្រឈមទៅនឹងការកាត់ទោស និងធ្វើទារុណកម្មផ្សេងៗ។

តាមសេចក្តីថ្លែងការណ៍ ក្នុងនាមជាសម្ព័ន្ធមិត្តដ៏យូរលង់របស់ប្រទេសថៃ អាម៉េរិកមានការព្រួយបារម្មណ៍ ចំពោះសកម្មភាពរបស់ថៃ ដែលមិនបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្រោមអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម និងអនុសញ្ញាអន្តរជាតិស្តីពីការការពារមនុស្ស។ ទង្វើនេះផ្ទុយទៅនឹងប្រពៃណីដ៏យូរអង្វែងរបស់ប្រជាជនថៃ ក្នុងការការពារជនងាយរងគ្រោះបំផុត និងមិនស្របនឹងការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការការពារសិទ្ធិមនុស្ស។ យើងជំរុញឱ្យរដ្ឋាភិបាលទាំងអស់ក្នុងប្រទេសនាៗរួមទាំងថៃដែលកំពុងតែមានវត្តមានជនជាតិអ៊ុយហ្គួរ ស្វែងរកការការពារកុំបង្ខំឱ្យជនជាតិ អ៊ុយហ្គួរ ត្រឡប់ទៅប្រទេសចិនវិញ។

គួរបញ្ជាក់ថា ប្រទេសថៃ បានសម្រេចចិត្តបញ្ជូនបុរសជនជាតិអ៊ុយហ្គួរយ៉ាងហោចណាស់ ៤០នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសថៃអស់រយៈពេលជាងមួយទសវត្សរ៍ បង្ខំឲ្យនិរទេសទៅកាន់ប្រទេសចិនវិញ។ ជនជាតិអ៊ុយហ្គួរបុរសទាំងនោះបានធ្វើការអំពាវនាវជាសាធារណៈកាលពីខែមុន ដើម្បីបញ្ឈប់ការនិរទេសត្រឡប់ទៅប្រទេសចិនវិញដោយលើកហេតុផលថាពួកគេអាចនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារ និងការស្លាប់ដែលអាចកើតមាននៅក្នុងប្រទេសចិន៕
