Cctime 6monthsfree desktop
Cc times  web banner kh

ក្រសួងពាណិជ្ជកម្មបដិសេធទាំងស្រុងថាពុំមានក្រុមហ៊ុនកូរ៉េខាងជើងវិនិយោគនៅកម្ពុជាឡើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបដិសេធទាំងស្រុងថា ពុំមានធុរជនកូរ៉េខាងជើងណាមួយមកបោះទុនបង្កើតក្រុមហ៊ុនវិនិយោគនៅកម្ពុជាឡើយ។ ការបដិសេធនេះត្រូវបានធ្វើឡើងបន្ទាប់ពីបណ្តាញសារព័ត៌មាន NK News ចុះផ្សាយអំពីករណីសង្ស័យថាមានក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(កូរ៉េខាងជើង)មួយកំពុងផ្សាយពាណិជ្ជកម្មដោយបើកចំហនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។

បើតាមសេចក្ដីប្រកាស ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្តាញសារព័ត៌មាន NK News បានចុះផ្សាយអំពីករណីសង្ស័យថាមានក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(កូរ៉េខាងជើង)មួយកំពុងផ្សាយពាណិជ្ជកម្មដោយបើកចំហអំពីការគ្រប់គ្រងរបស់ខ្លួនលើភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នានៅក្រៅប្រទេស ដោយមានទីតាំងនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។

ចំពោះករណីនេះ ក្រសួងពាណិជ្ជកម្មបានបដិសេធចោលទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយដោយ NK News និងសូមបញ្ជាក់ថា ពុំមានការចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនដែលមានឈ្មោះ Tongnam Trading Company ឬក្រុមហ៊ុន Tongnam Transport JV Co., Ltd. នោះទេ។ បន្ថែមលើនេះ ក្រុមការងារក្រសួងពាណិជ្ជកម្មក៏បានចុះធ្វើការស្រាវជ្រាវនៅតាមផ្សារលក់ផលិតផលកូរ៉េក្នុងរាជធានីភ្នំពេញ ឃើញថាពុំមានការធ្វើធុរកិច្ចពាក់ព័ន្ធជាមួយធុរជនកូរ៉េខាងជើងឡើយ។

បើតាមសេចក្ដីប្រកាស ក្រសួងពាណិជ្ជកម្មតែងតែអនុវត្តយ៉ាងម៉ត់ចត់តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា ដោយបានលុបចេញពីបញ្ជីពាណិជ្ជកម្មនិងបិទគ្រប់អាជីវកម្មដែលពាក់ព័ន្ធធុរជនកូរ៉េខាងជើងចំនួន ១៦ ក្រុមហ៊ុន-សហគ្រាស នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២២ ហើយបានបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ អនុវត្តនូវប្រភេទទណ្ឌកម្មផ្សេងៗ ដូចដែលមានចែងក្នុងសេចក្តីសម្រេចរបស់ UNSC ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង