Cctime 6monthsfree desktop
Cc times  web banner kh

សម្តេច ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជា គឺជាប្រទេសគោរព និងផ្តល់តម្លៃការបដិបត្តិជំនឿសាសនាទាំងអស់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលគោរព​ និងផ្ដល់តម្លៃដល់ការគោរពបដិបត្តិជំនឿសាសនាផ្សេងៗ ហើយរាជរដ្ឋាភិបាល​ នីតិកាលមុនៗ ក៏ដូច​នីតិកាលទី៧​ នៃរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាការរួមរស់ជាមួយគ្នាក្នុងចំណោមសាសនាផ្សេងៗ នៅក្នុងសង្គមកម្ពុជា ប្រកបដោយសុខដុមរមនា។

ការថ្លែងនេះធ្វើឡើងក្នុងជំនួបរវាង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មហាំម៉ាត់ សាអ៉ីត អាល់ម៉ាជឌូអ៉ី អគ្គលេខាធិការរង នៃអង្គការសម្ព័ន្ធពិភពឥស្លាម នៅទីក្រុងម៉ាក់កា នាថ្ងៃទី២៧កុម្ភៈនេះ។

ក្នុងឱកាសនៃជំនួប លោកអគ្គលេខាធិការង បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាថ្មីម្ដងទៀត និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ របស់កម្ពុជា ជាពិសេសការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច និងវិស័យអប់រំ ដែលការណ៍នេះបានធ្វើឱ្យបណ្ដាប្រទេសលើពិភពលោក កាន់តែចាប់ផ្ដោតការយកចិត្តទុកដាក់ខ្ពស់ថែមទៀតមកលើកម្ពុជា។ បន្ថែមលើនេះ, លោកក៏បានលើកឡើងថា កម្ពុជា ជាប្រទេសគំរូមួយនៅលើពិភពលោក ដែលធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។

ជាការឆ្លើយតប, សម្ដេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោក អគ្គលេខាធិការរង និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំកំពូលនេះ ជាលើកដំបូងនៅកម្ពុជា។

សម្ដេចបានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលគោរព​ និងផ្ដល់តម្លៃដល់ការគោរពបដិបត្តិជំនឿសាសនាផ្សេងៗ ហើយរាជរដ្ឋាភិបាល​ នីតិកាលមុនៗ ក៏ដូច​នីតិកាលទី៧​ នៃរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាការរួមរស់ជាមួយគ្នាក្នុងចំណោមសាសនាផ្សេងៗ នៅក្នុងសង្គមកម្ពុជា ប្រកបដោយសុខដុមរមនា។

សម្ដេចបានសង្កត់ធ្ងន់ពីសារៈសំខាន់ និងតួនាទីរបស់សាសនាក្នុងការចូលរួមចំណែកដល់ការអប់រំប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យសង្គមជាតិមួយ គ្មានជម្លោះ និងមានសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ជាមួយគ្នានេះ, នៅក្នុងយុគសម័យឌីជីថល សាសនាកាន់តែមានតួនាទីសំខាន់ថែមទៀតក្នុងការលើកកម្ពស់ការអប់រំប្រជាពលរដ្ឋ ជាពិសេស នៅកម្ពុជា សាសនាពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមជាតិ ដោយបានចូលរួមចំណែកយ៉ាងច្រើនដល់ការលើកកម្ពស់ការអប់រំតម្លៃមនុស្ស សីលធម៌ និងគុណធម៌ និងការកសាងខ្លួនជាពលរដ្ឋល្អសម្រាប់ប្រទេសជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង