Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋធានីប៉េកាំង មានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តផ្សេងទៀត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក យីន លី (Yin Li) លេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង បានថ្លែងពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ នៅកម្ពុជានាពេលនេះ គឺចូលរួមអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀតនូវរាល់ការឯកភាពរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការបន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង។ លោកក៏បានគូសបញ្ជាក់ថារដ្ឋធានីប៉េកាំងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខេត្តសៀមរាប និងបណ្ដារដ្ឋបាលខេត្តផ្សេងទៀត ផងដែរ។

ការថ្លែងនេះធ្វើឡើងក្នុងឱកាសដែល សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, លោក យីន លី បានកោតសរសើរ និងបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការបន្តរក្សាបាននូវសន្ដិភាព, ស្ថិរភាពនយោបាយ, ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន។ លោក យីន លី បានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី, សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើន និងកាន់តែខ្លាំងក្លាថែមទៀត។

លោកបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជាភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចិន-កម្ពុជា ក្នុងក្របខ័ណ្ឌរដ្ឋ, បក្ស និងប្រជាជន។

ជាការឆ្លើយតប, សម្ដេច ហ៊ុន ម៉ាណែត បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចហប្រតិបត្តិការលើគ្រប់វិស័យកម្ពុជា-ចិន។ សម្ដេចបវរធិបតី ក៏បានអរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងចំពោះវិនិយោគិនចិន ដែលកន្លងមកបានបណ្ដាក់ទុនវិនិយោគជាច្រើន នៅកម្ពុជា រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា៖ការកសាងផ្លូវល្បឿនលឿន, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជាដើម។

សម្ដេច ហ៊ុន ម៉ាណែត និងលោក យីន លី ក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរលើវិស័យសក្ដានុពលជាច្រើនដែលរួមមាន ជាអាទិ៍៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, បច្ចេកវិទ្យាឌីជីថល, សិល្បៈ-វប្បធម៌, ទេសចរណ៍, ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង