ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានជូនដំណឹងស្តីស្ថានភាពអាកាសធាតុថា របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបនៅតែបន្តគ្របដណ្តប់លើសមុទចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់ បក់មកពីទិសបូព៌ និងអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កំពង់ ឆ្នាំង តាកែវ និងភ្នំពេញអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសបូព៌និង អាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ ប៉ៃលិន និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ១,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី២៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,២៥ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ៕