Smart saver cctime web bannertif

នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស មានបញ្ហាសុខភាពធ្ងន់ធ្ងរ «ត្រូវលាងឈាមជាប្រចាំ» ត្រូវបានជួយសង្គ្រោះជីវិតឡើងវិញ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ នាដការី សាលី ស្រីមាស ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវលាងឈាមជាប្រចាំ ត្រូវបានជួយសង្រ្គោះជីវិតឡើងវិញ ក្រោមជំនួយក្រុមហ៊ុន ជីបម៉ុង គ្រុប បានសហការជាមួយ សមាគមសិល្បករខ្មែរ ទទួលរ៉ាប់រងការចំណាយលើការព្យាបាលទាំងស្រុង។ជំនួយនេះ បានផ្តល់ក្តីសង្ឃឹមឡើងវិញ សម្រាប់ក្រុមគ្រួសារ នាដការី សាលី ស្រីមាស ដែលកន្លងទៅប្រកាសលក់ផ្ទះ និងទ្រព្យនានា ដើម្បីមើលជំងឺកូន។

ជំនួយជួយមើលជំងឺ នាដការី សាលី ស្រីមាស ត្រូវបានរៀបចំជាកម្មវិធីដោយមានការចូលរួមពីម្ចាស់ជំនួយ។អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ដែលជាម្ចាស់ជំនួយធំ បានមើលឃើញពីការលះបង់របស់ ស្រីមាស ជានាដការីរបាំព្រះរាជទ្រព្យ ដ៏មានទេពកោសល្យម្នាក់ មានស្នាដៃច្រើន និង ជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងអភិរក្សសម្បត្តិវប្បធម៌ខ្មែរ។

បើតាមអ្នកឧកញ៉ា លាង ម៉េង ស្ងើចសរសើរយ៉ាងខ្លាំង ដល់ការខិតខំប្រឹងប្រែង ការតាំងចិត្ត និង ភាពក្លាហានរបស់នាដការីវ័យក្មេង សាលី ស្រីមាស ដែលបានដើរតួជាសិល្បៈការនីគំរូម្នាក់ ដល់យុវជនបន្តវេនជំនាន់ក្រោយ ដោយសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើនក្នុងការសម្ដែងសិល្បៈចម្រុះ របាំអប្សរា របាំក្ងោក ការសម្ដែងរឿងបុរាណទាំងនៅកម្ពុជា និងក្រៅប្រទេស ជាមួយកាយវិការដ៏រស់រវើក និងពោរពេញទៅដោយសក្តានុពល ក្នុងការជួយផ្សព្វផ្សាយវិស័យសិល្បៈបុរាណខ្មែរ។

យោងតាមសមាគមសិល្បករខ្មែរ សាលី ស្រីមាស គឺជានាដការីសិល្បៈប្រកបដោយទេពកោសល្យខ្ពស់ ដែលធ្លាប់បាននាំយកនូវអត្តសញ្ញាណជាតិកម្ពុជា ទៅបង្ហាញទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ តាមរយៈស្នាដៃទាំងនេះ ស្រីមាស ពិតជាសិល្បករវ័យក្មេងម្នាក់ដែលគួរតែទទួលបានគាំទ្រ ថែរក្សា និង ផ្តល់តម្លៃខ្ពស់ ដូចអ្វីដែលអ្នកឧកញ៉ា លាង ម៉េង បានធ្វើនាពេលនេះ។

គួរបញ្ជាក់ថា នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស មានបញ្ហាសុខភាពធ្ងន់ធ្ងរត្រូវលាងឈាមជាប្រចាំ ទាមទារការព្យាបាលជាបន្ទាន់។កន្លងទៅ មហាជនជាច្រើន បានសម្តែងក្តីអាណិតនាង និង បានរៃអង្គាសប្រាក់ តាមលទ្ធភាព ជួយការព្យាបាលស្រីមាស ខណៈការចំណាយព្យាបាលត្រូវការថវិកាច្រើន និងតម្រូវទៅក្រៅប្រទេស។

ក្រោយទទួលបាន ជំនួយព្យាបាលទាំងស្រុង សាលី ស្រីមាស និងម្តាយ ក្រុមគ្រួសារទាំងមូលរបស់នាង មានអារម្មណ៍ក្តុកក្តួលរំភើបទាំងទឹកភ្នែក ដែលមានឱកាសក្នុងការព្យាបាលជម្ងឺរបស់ ស្រីមាស សង្ឃឹមរស់មានជីវិត ដើម្បីបន្តដំណើរវិថីរបាំបុរាណខ្មែរបន្តទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង