
ភ្នំពេញ៖រដ្ឋាភិបាលសហរដ្ឋអាម៉េរិក នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានសម្រេចបន្តផ្ដល់ជំនួយដល់កម្លាំងជំនាញអង្គភាពសុីម៉ាក់ ដែលបំពេញការងារបោសសម្អាតគ្រប់មីន និង សំណល់យុទ្ធភណ្ឌសង្គ្រាមដល់កម្ពុជាឡេីងវិញ តាមកិច្ចសន្យាដែលមានស្រាប់។
លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា នៅថ្ងៃទី ២០ ខែកុម្ភៈថា អង្គភាពសុីម៉ាក់ បានទទួលព័ត៌មានពីអង្គការដែលទទួលជំនួយពីសហរដ្ឋអាម៉េរិក ដែលជាអង្គការដៃគូសហការជាមួយអង្គភាពសុីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលេីកលែង(waver) ពីរដ្ឋាភិបាលអាម៉េរិកឱ្យបេីក និង បន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និង សំណល់យុទ្ធភណ្ឌសង្គ្រាមឡេីងវិញតាមកិច្ចសន្យាដែលមានស្រាប់។
បើតាមលោក ហេង រតនា ក្នុងនាមថ្នាកដឹកនាំ និង មន្ត្រីបុគ្គលិកអង្គភាពសុីម៉ាក់ ថ្លែងអំណរគុណចំពោះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជួយគាំទ្រអំពាវនាវដល់រដ្ឋាភិបាលអាម៉េរិក។ ទន្ទឹមនឹងនេះ អគ្គនាយក CMAC ក៏អរគុណអង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីស្ថានទូតអាម៉េរិកនៅកម្ពុជា និង មន្ត្រីគម្រោងនៃក្រសួងការបរទេសអាម៉េរិក ដែលបានខ្នះខ្នែងជួយជ្រំជ្រែងស្នេីសុំទៅរដ្ឋាភិបាលឱ្យលេីកលែងចំពោះគម្រោងសកម្មភាពមីននៅប្រទេសកម្ពុជា។
ក្នុងពេលចុះជួបកម្លាំងប្រតិបត្តិការ និងបុគ្គលិកស្ថិតនៅក្រោមគម្រោងជំនួយរបស់អាមេរិកនៅកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់បានពាំនាំសាររបស់លោកនាយករដ្ឋមន្រ្តី អំពីការបន្តជួយគំាទ្រដល់កងកម្លាំងបោសមីនចំនួន២១០នាក់ ដែលត្រូវបានបាត់បង់ការងារ ដោយសារតែការផ្អាកជំនួយរបស់អាមេរិក។ តាមលោក ហេង រតនា កម្លាំងប្រតិបត្តិការទាំង២១០នាក់ គឺអាចនៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពស៊ីម៉ាក់ជាធម្មតា ដើម្បីបន្តការអនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
គួររំលឹកថា កាលពីថ្ងៃទី ១៣ កុម្ភៈ ថ្មីៗនេះ អង្គភាពស៊ីម៉ាក់ បានឱ្យដឹងអំពីការប្រកាសរំលាយកម្លាំងប្រតិបត្តិការនិងបុគ្គលិកចំនួន២១០នាក់ តាមរយៈអង្គការចំនួន៣ដែលជាដៃគូរបស់អង្គភាពស៊ីម៉ាក់ ដែលមានជំនួយថវិកាប្រមាណ ២លានដុល្លារអាមេរិកក្នុងមួយ ១ឆ្នាំ៕
