
ភ្នំពេញ៖ អ្នកឧកញ៉ា សួរ វីរៈ សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានតែងតាំងជា «កុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា» ដើម្បីរួមចំណែកក្នុងការជួយជំរុញចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ក្នុងពិធីប្រកាសជាផ្លូវការនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រីOrna Sagiv ឯកអគ្គរដ្ឋទូតរបស់ប្រទេសអ៉ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស កោតសរសើរដល់អ្នកឧកញ៉ា សួរ វីរៈ ដែលត្រូវបានឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា សម្រេចតែងតាំងជាកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា និង បានជំរុញឱ្យខិតខំពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរព្រមទាំងសម្របសម្រួលការវិនិយោគ និង កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរជាពិសេសចូលរួម ក្នុងការជួយជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរតែម្តង។
ចំណែកលោកស្រី Orna Sagiv ក្នុងនាមប្រទេស និងប្រជាជនអ៉ីស្រាអែល អរគុណដល់អ្នកឧកញ៉ា សួរ វីរៈ ដែលបានផ្តល់កិត្តិយសទទួលយកការតែងតាំងជាកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា ហើយលោកស្រីក៏បានរំពឹងខ្ពស់ថា តាមរយៈតួនាទីនេះនឹងចូលរួមចំណែកក្នុងជួយដល់ការជំរុញនូវកំណើនភ្ញៀវទេសចរឱ្យបានកាន់តែច្រើនបន្ថែមទៀតរវាងប្រទេសទាំងពីរផងដែរ។
អ្នកឧកញ៉ា សួរ វីរៈ បានថ្លែងប្តេជ្ញាចិត្តទទួលខុសត្រូវខ្ពស់ក្នុងនាមជាកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា ហើយគោរពគោលបំណងនៃការតែងតាំងនេះដើម្បីការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ និងការកសាងអនាគតដោយផ្អែកលើកិច្ចសហការ ការច្នៃប្រឌិត ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសកម្ពុជា និងអុីស្រាអែល រួមទាំងការចែករំលែកក្នុងវិស័យអប់រំ និងវប្បធម៌ ព្រមទាំងសម្របសម្រួលការវិនិយោគ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាពង្រឹងចំណងមិត្តភាពដើម្បីសម្រេចឱ្យបាននូវគោលបំណងរួមគ្នារបស់ប្រទេសជាតិទាំងពីរ៕