
ភ្នំពេញ៖ លោក Aniban Chatterjee កាលពីថ្ងៃទី ១៧ កុម្ភៈ ២០២៥ ក្នុងសន្និសីទនិងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ បានលើកឡើងថា យុវជន «ប្រើប្រាស់បច្ចេកវិទ្យា» ដើម្បីការសិក្សា មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

បើតាមបទសម្ភាសស៊ីស៊ីថាមស៍ជាមួយនឹង លោក Aniban Chatterjee នាយករងនៃអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា កំឡុងវគ្គសន្និសីទកាសែត បានឱ្យដឹងថា អង្គការយូនីសេហ្វ បានចូលរួមចំណែកជាមួយនឹងក្រសួងអប់រំ ក្នុងសកម្មភាពជាច្រើនដើម្បីអាចជំរុញឱ្យមានការអប់រំឌីជីថលតាមសាលារៀន តួយ៉ាង ចូលរួមបង្កើតនូវយុទ្ធសាស្រ្តការអប់រំឌីជីថលសម្រាប់សាលារៀន ជម្រុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងចំណោមយុវជន ជាពិសេសជំរុញសិស្សានុសិស្សដែលជាក្មេងស្រីដើម្បីចាប់យកជំនាញអប់រំស្ទែម ដែលចៀសផុតពីគម្លាតឌីជីថល។

លោក Aniban Chatterjee ជឿជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងបង្រៀន នឹងអនុញ្ញាតឱ្យកម្ពុជាអាចឈានទៅរកការអប់រំឌីជីថលនាពេលខាងមុខបានកាន់តែប្រសើរ។ ក្នុងបទសម្ភាសជាមួយនឹងស៊ីស៊ីថាមស៍ លោកបានបន្តទៀតថា យុទ្ធសាស្រ្តការអប់រំឌីជីថលសម្រាប់សាលារៀន រួមបញ្ចូលកិច្ចសហប្រតិបត្តិការនៃភ្នាក់ងារពាក់ព័ន្ធដើម្បីធានាបាននូវការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការសិក្សា និងការបង្រៀន មិនថានៅតំបន់ជនបទក្តី។

ឆ្លើយតបនឹងសំណួរស៊ីស៊ីថាមស៍ លោក បានរៀបរាប់ថា មកដល់ពេលបច្ចុប្បន្ន លោកបានសម្លឹងឃើញពីវឌ្ឍនភាពគួរជាទីកត់សម្គាល់នៃការយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងស្រទាប់យុវជន និងអ្នកអប់រំ ជាពិសេស គឺលោកបានឃើញសិស្សានុសិស្សបានស្វែងយល់ និងអនុវត្តការសិក្សារបស់ខ្លួនដោយប្រើបញ្ញាសិប្បនិម្មិត និងឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត ដើម្បីការសិក្សារបស់ខ្លួន។ បច្ចុប្បន្ន ការប្រើប្រាស់បណ្តាញសង្គមសម្រាប់ការសិក្សាកាន់តែមានច្រើន ដោយសារមានអ្នកអប់រំបង្កើតមាតិកាជាច្រើនចែករំលែកពាក់ព័ន្ធនឹងជំនាញនានា។

យ៉ាងណាមិញ លោកបានតឿនរំលឹកឱ្យសិស្សានុសិស្សបន្តប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាផលប្រយោជន៍ឱ្យបានច្រើន ដើម្បីអាចបន្តពង្រឹងសមត្ថភាពជំនាញទន់បូកផ្សំជាមួយនឹងជំនាញដែលរៀនពីថ្នាក់រៀន ពោលគឺជំនាញទំនាក់ទំនង និងផ្នត់គំនិតដោះស្រាយបញ្ហា ដើម្បីឆ្ពោះទៅកាន់អនាគតដែលល្អប្រសើរក្នុងសតវត្សទី២១៕
