Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងបរិស្ថាន នឹងរៀបចំបុណ្យ«កោងកាងសន្តិភាព»នៅខេត្តកោះកុង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កោះកុង៖ ក្រសួងបរិស្ថាន នៅថ្ងៃទី ១៨ ខែកុម្ភៈ បានចេញសេចក្ដីជូនដំណឹងដល់យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋឲ្យដឹងថា ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិ នឹងរៀបចំពិធី «បុណ្យកោងកាងសន្តិភាព» ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

យោងតាមតាមក្រសួងបរិស្ថាន បានឲ្យដឹងថា ពិធីបុណ្យកោងកាងសន្តិភាព ប្រព្រឹត្តទៅក្នុងគោលបំណងសំខាន់ៗរួមមាន៖ទី១,លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃ ព្រៃកោងកាងដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម ដូចជា ការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ និងជាប្រភពចំណូលសម្រាប់សហគមន៍មូលដ្ឋាន ទី២,ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សព្រៃកោងកាង តាមរយៈបំផុសឱ្យមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ទាំងរដ្ឋាភិបាល តំណាងអង្គទូត អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាសហគមន៍មូលដ្ឋាន ទី៣, លើកស្ទួយតម្លៃនៃសន្តិភាព ភាពសុខដុមរមនា និងការរស់នៅប្រកបដោយសុខដុមជាមួយបរិស្ថាន ដែលព្រៃកោងកាងមិនត្រឹមតែជាធនធានធម្មជាតិដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃភាពសុខដុមរមនា រវាងមនុស្ស និងធម្មជាតិផងដែរ និងទី៤, ផ្សព្វផ្សាយអំពីសក្តានុពលនៃធនធានធម្មជាតិ ពិសេស ព្រៃកោងកាង ក្នុងការទ្រទ្រង់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់នូវធនធានធម្មជាតិ និងឱកាសទេសចរណ៍ធម្មជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយនិរន្តរភាព។

ក្រសួងបរិស្ថាន បានបន្ថែមថា សកម្មភាពសំខាន់ៗនៅក្នុងពិធី «បុណ្យកោងកាងសន្តិភាព» រួមមាន ការដាំដើមកោងកាង ដោយ មានការចូលរួមពីថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស អ្នកចូលរួម និងប្រជាពលរដ្ឋ ក្នុងការដាំកូនកោងកាងនៅតំបន់ ព្រៃកោងកាងដែលបានកំណត់ ការជិះទូកកម្សាន្តនិងទស្សនាព្រៃកោងកាង និងការហែលទឹកលេងកម្សាន្ត។ ពិធី «បុណ្យកោងកាងសន្តិភាព» ត្រូវបានរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើក កម្ពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជន ក្នុងការថែរក្សាព្រៃកោងកាង និងបរិស្ថាននៅកម្ពុជា។

ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិ អំពាវនាវដល់សាធារណជនទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងពិធីបុណ្យដ៏មានអត្ថន័យនេះ ទៅតាមកាលបរិច្ឆេទ និងទីកន្លែង ដូចបានជូនដំណឹង ខាងលើ ដើម្បីរួមគ្នាថែរក្សាព្រៃកោងកាង និងសន្តិភាពសម្រាប់កូនចៅជំនាន់ក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង