Cctime 6monthsfree desktop
Cc times  web banner kh (2)

ករណីបណ្ឌិត សុខ ទូច៖ សម្តេច ហ៊ុន សែន ស្នើជនរួមជាតិកុំបន្ត«ថែមសាំង ប៊ីចេង ប្រហុក អំបិល»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៩កុម្ភៈនេះ បានបង្ហោះសារទាក់ទង ករណីបណ្ឌិតសុខ ទូច ជាមួយនគរបាលចរាចរណ៍ បានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន។ សម្តេចបានស្នើដល់ជនរួមជាតិ បញ្ចប់រឿងនេះត្រឹមនេះ តាមរបៀបឈ្នះ ឈ្នះ និងសហការគ្នាបន្តការងាររៀងៗខ្លួន និងកុំបន្តថែមសាំង ប៊ីចេង ប្រហុក អំបិល ព្រោះគ្មានអ្នកណាចំណេញនោះឡើយ តែផ្ទុយទៅវិញគឺខាតទាំងអស់គ្នា។

យោងតាមខ្លឹមសារដែលបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ករណីបណ្ឌិតសុខ ទូច ជាមួយនគរបាលចរាចរណ៍ បានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន។ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូចបានថែមអំបិលប្រហុក ដើម្បីទាញទម្លាក់បណ្ឌិតសុខ ទូច។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរណ៍ក៏ប្រឹងថែមទឹកត្រីនិងប៊ីចេងដើម្បីវាយប្រហារនគរបាលចរាចរណ៍។ តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការណ៍នេះ? គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញគឺខាតទាំងអស់គ្នា។»

សម្តេច ហ៊ុន សែន បានស្នើដល់ជនរួមជាតិក៏ដូចជាអ្នកពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះ តាមរបៀបឈ្នះ ឈ្នះនិងសហការគ្នាបន្តការងាររៀងៗខ្លួន។ សម្តេចសង្ឃឹមថាអ្នកថែមអំបិលប្រហុកទឹកត្រី ប៊ីចេង បញ្ឈប់ថែមសាំងចាក់លើភ្លើងរាប់ទាំងអ្នកផ្តល់សារមកសម្តេច វាយប្រហារម្ខាងៗ។

គួរបញ្ជាក់ថា ករណីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប៉ះសម្តីគ្នាជាមួយសមត្ថកិច្ចចុះត្រួតពិនិត្យសារធាតុស្រវឹង នៅចំណុចផ្លូវភ្នំពេញហាណូយ កាលពីថ្ងៃទី១៧ កុម្ភៈ កំពុងផ្ទុះការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គម ក្រោយពីលោកបណ្ឌិតបង្ហោះថា លោកត្រូវបានរង«ការប្រមាថ»ពីមន្រ្តីនគរបាលចរាចរណ៍៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង