ភ្នំពេញ៖ លោក ជា តុងហួរ កាលពីថ្ងៃទី ១៧ កុម្ភៈ ២០២៥ បានប្រកាសក្នុងបណ្តាញសង្គមរបស់ខ្លួនពីការបង្កើតគម្រោង «គាស់ព្រលឹងស្នាដៃអ្នកនិពន្ធខ្មែរ» ដោយមានបំណងបោះពុម្ពសៀវភៅជូនអ្នកនិពន្ធជើងចាស់ឡើងវិញ ដើម្បីលើកកម្ពស់ស្នាដៃមិនបកប្រែពីបរទេស ដើម្បីលើកកម្ពស់ស្នាដៃអ្នកនិពន្ធពីបុរាណដែលមានស្នាដៃរាប់ម៉ឺនក្បាល។
បើតាមការបង្ហោះជាសាធារណៈក្នុងគេហទំព័ររបស់លោក ជា តុងហ៊ួរ បានឱ្យដឹងថា គោលបំណងធំដែលលោកបង្កើត គម្រោងមួយឈ្មោះថា «គាស់ព្រលឹងស្នាដៃ អ្នកនិពន្ធខ្មែរ» នេះឡើង គឺព្រោះតែចង់រក្សានូវតម្លៃ វប្បធម៍ ស្នាដៃអ្នកនិពន្ធជើងចាស់ពីបុរាណ បោះពុម្ភសៀវភៅចាស់ៗឡើងវិញ រក្សាលំនាំដើម និងកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ បង្កើតការងារ និងរកចំណូលដល់អ្នកនិពន្ធ រួមចំណែក ថែរក្សាការពារ អក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ ទុកដល់កូនចៅជំនាន់ក្រោយជាស្នាដៃប្រវត្តិសាស្រ្ត និង កេរ្តិ៍ដំណែលជនជាតិខ្មែរដ៏ស្រស់ផូរផង់។
លោកបានអំពាវនាវ ព្រឹទ្ធាចារ្យ សាស្រ្តាចារ្យ នៅក្នុងស្រុកក្រៅស្រុក ដោយលើកឡើងថា លោកជាយុវជនជំនាន់ក្រោយ មានបំណងក្នុងការចូលរួមចំណែក បោះពុម្ភ សៀវភៅ របស់អ្នកនិពន្ធខ្មែរទាំងអស់ឡើងវិញទាំងអស់ ជាស្នាដៃពិត ស្នាដៃឯក មិនបកប្រែពីបរទេស ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអាន លើកកម្ពស់ស្នាដៃរបស់អ្នកនិពន្ធពីបុរាណ ដែលមានសៀវភៅ រាប់មុឺនក្បាល ជាមានស្នាដៃ ដែលកប់ទុកចោល ជាយូរណាស់មកហើយ។
អ្វីដែលពិសេសជាងនេះទៅទៀត លោកបានបញ្ជាក់ក្នុងសំណេររបស់ខ្លួនថា «ក្មួយម្នាក់នេះ សូមចេញថ្លៃបោះពុម្ភជូន និង ចូលរួមការផ្សព្វផ្សាយ លក់ចេញ ដើម្បីបង្កើនប្រាក់ចំណូលជូនអ្នកនិពន្ធគ្រប់ៗរូប រួមទាំង រក្សារនូវកិត្តិយស និងគុណតម្លៃដែលមិនអាចកាត់ថ្លៃបាន គឺ ព្រលឹងស្នាដៃអ្នកនិពន្ធខ្មែរ សូមអ្នកនិពន្ធលោកតា លោកយាយ លោកពូអ្នកមីង ចាស់ព្រឹទ្ធាចារ្យ សាស្រ្តាចារ្យ នៅក្នុងស្រុកក្រៅស្រុកទាក់ទងមកខ្ញុំ ដើម្បីយើងរួមគ្នា លើកកម្ពស់អក្សរសាស្រ្ត អក្សរសិល្ប៍ជាតិ និងស្នាដៃអ្នកនិពន្ធខ្មែរអោយមានព្រលឹងរស់ឡើងវិញ។»
បន្ថែមពីនេះ លោកក៏បានបញ្ជាក់នៅក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្លួនបន្ថែមថា លោកមានដំណាក់កាលធំៗក្នុងការអនុវត្តគម្រោងនេះដូចខាងក្រោម៖
- ដំណាក់កាលទី1: សហការជាមួយអ្នកជំនាញ ដើម្បីប្រមូលស្នាដៃ ចាស់ៗពីដើម សរសេរថ្មី ឡើងវិញរក្សាលំនាំដើម 100% ក្នុងការលើកកម្ពស់ស្នាដៃ និងជួយរកចំណូលជូនអ្នកនិពន្ធ ដោយធ្វើជាសៀវភៅ បោះពុម្ភ និង សៀវភៅ ឌីជីថល និងថតជាសំលេងផងដែរ។
- ទី2 ជំរុញដល់ យុវជន ជំនាន់ក្រោយ ទូទាំងប្រទេស និងក្រៅស្រុក ចូលរូមលើកស្ទួយ លើកកម្ពស់ការអាន
- ទី3 ធ្វើការប្រកួតប្រជែងការអាន ទូទាំងប្រទេស ដើម្បីជំរុញលើវិស័យអប់រំអោយប្រជាជនកាន់តែស្រលាញ់សៀវភៅ ស្រលាញ់ចំណេះដឹង
- ទី4 កសាងបណ្ណាល័យធំមួយ ដាក់ស្នាដៃ និពន្ធ និងសៀវភៅ ស្នាដៃពិតរបស់ខ្មែរ មិនថា ប្រលោមលោក ប្រវត្តិសាស្រ្ត ផ្នត់គំនិត ដើម្បីទុកជាកេរ្តិ៍ដំណែលដល់វប្បធម៍ជាតិដ៍រុងរឿង។
- ទី5 បន្តកសាងបណ្ណាល័យបែបនេះតាមលំនាំទី1 ទូទាំងប្រទេស និងកូនបណ្ណាល័យតូចៗ តាមស្រុកភូមិ អោយមានសៀវភៅជាច្រើន លើកកម្ពស់ការអានតាម សហគមន៍។
គួរបញ្ជាក់ផងដែរថា លោក ជា តុងហួរ ត្រូវបានសាធារណជន ជាពិសេសស្រទាប់យុវជនថា ជាសហគ្រិន ដែលជាស្ថាបនិកនៃ ផែនទីផ្នត់គំនិត បង្រៀនយុវជនពាក់ព័ន្ធនឹងការកំណត់គោលដៅជីវិត៕