
រដ្ឋផ្លរីដា៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថាលោកមានបំណងដាក់ពន្ធបន្ថែម២៥ភាគរយលើការនាំចូលរថយន្ត និងពន្ធស្រដៀងគ្នាលើការនាំចូលបន្ទះឈីប និងការនាំចូលឱសថ ដែលជាវិធានការបន្ថែមពន្ធចុងក្រោយបំផុតនៃវិធានការជាបន្តបន្ទាប់របស់លោកចាប់តាំងពីលោកបានស្បថចូលកាន់តំណែងមក។
ថ្លែងជាមួយប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកលោកដូណាល់ត្រាំបានអះអាងថាការយកពន្ធលើរថយន្តនឹងចូលជាធរមានក្នុងដើមខែមេសា លោកបានបញ្ជាក់ទៀតថាការសម្រេចយកពន្ធ២៥ភាគរយបន្ថែមនៃការនាំចូលរថយន្ត ឱសថ និងបន្ទះឈីប គឺជាការឆ្លើយតបភាពអយុត្តិធម៌នៃការយកពន្ធទំនិញអាម៉េរិកចូលក្នុងទីផ្សារអ៊ឺរ៉ុបកាលពីកន្លងទៅ។

គួរបញ្ជាក់ថាចាប់តាំងពីការឡើងកាន់តំណែងរបស់លោកកាលពីបួនសប្តាហ៍មុន លោក ត្រាំ បានដាក់ពន្ធ ១០ ភាគរយលើការនាំចូលទំនិញទាំងអស់ពីប្រទេសចិនលើសពីការយកពន្ធដែលមានស្រាប់ និងយក ពន្ធ ២៥ ភាគរយលើទំនិញពីម៉ិកស៊ិកកូ និងប្រទេសកាណាដា។ លោក ត្រាំ ក៏បានប្រកាសផងដែរថា ពន្ធគយទាំងនេះនឹងអនុវត្តចំពោះផលិតផលនាំចូលរាប់រយមុខ ដែលផលិតពីដែក និងអាលុយមីញ៉ូម៕