ភ្នំពេញ៖ រដ្ឋសភាកម្ពុជា បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ខណៈរាជរដ្ឋាភិបាលតាក់តែងដោយដាក់ទោសពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ទៅ៥០លានរៀលចំពោះអ្នកប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ការឆ្លងសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភា ដឹកនាំដោយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈនេះ ជាមួយវត្តមានសមាជិក សមាជិការដ្ឋសភាចំនួន១១៣នាក់ ក្នុងនោះក៏មានវត្តមានរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ។
ថ្លែងក្នុងកាតព្វកិច្ចការពារសេចក្តីព្រាងច្បាប់នេះ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការបង្កើតច្បាប់នេះឡើង សំដៅធានាការពារនូវឧត្តមភាព និងកិត្យានុភាពនៃសេចក្តីសម្រេចស្ថាពរ និងបេសកកម្មជាប្រវត្តិសាស្ត្ររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។