
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងការប្រគល់រង្វាន់ ជូនដល់ជ័យលាភី កម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំឆ្នាំ២០២៥ ដែលបានធ្វើឡើងក្នុង សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល”។
កម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំឆ្នាំ២០២៥ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើននៅក្នុង សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ត្រូវបានរៀបចំឡើង ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ទម្រាំអាចមានឱកាសក្នុងការបកស្រាយនាថ្ងៃសន្នីសីទ គ្រូបង្រៀនដែលបានដាក់ពាក្យតាមប្រព័ន្ធអនឡាញបានឆ្លងកាត់វគ្គដាក់ពាក្យ និងវគ្គជម្រុះ ដែលក្នុងនោះ មានតែ គ្រូបង្រៀន ៤ រូប តែប៉ុណ្ណោះ ដែលតម្រូវឱ្យធ្វើបទបង្ហាញនៅក្នុងកម្មវិធី។ យ៉ាងណាមិញ គ្រូបង្រៀនផ្សេងទៀតដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ដល់ លេខ ១០ ថ្វីត្បិតមិនបានធ្វើបទបង្ហាញនៅក្នុងសន្នីសីទ តែបានទទួលលិខិតសរសើរ និងរង្វាន់លើកទឹកចិត្តមួយផងដែរ។
ក្រោយធ្វើបទបង្ហាញ ម្ចាស់ជ័យលាភីទាំង៣ក្នុងការប្រកួតប្រជែងគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំឆ្នាំ២០២៥ រួមមាន៖

- ជ័យលាភីលេខ១ ៖ បេក្ខជន ស្រេង ចក់ មកពីសាលាបឋមសិក្សាពាក់ស្នែង និងបេក្ខនារី ហេង ឆាយអ៊ី មកពីសាលាបឋមសិក្សាអនុវត្តន៍គរុកោសល្យ ខេត្តសៀមរាប។
.jpg?1739864890)
- ជ័យលាភីលេខ ២៖ បេក្ខនារី សារី លីដា មកពីវិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តស្ទឹងត្រែង។

- ជ័យលាភីលេខ ៣៖ បេក្ខនារី រិទ្ធិ លីដា មកពីសាលាបឋមសិក្សាវត្តរាជបូណ៌ ខេត្តសៀមរាប។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីនៃក្រសួងអប់រំ ជម្រុញទឹកចិត្តឱ្យម្ចាស់ជ័យលាភីទាំងអស់ឱ្យសរសេរចងក្រងជាសៀវភៅពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀនមុខវិជ្ជាស្ទែម ក៏ដូចជាក្នុងបរិបទជនបទ ដើម្បីចែករំលែកបទពិសោធទៅកាន់លោកគ្រូ អ្នកគ្រូផ្សេងទៀតឱ្យបានទូលំទូលាយ ដោយគូសបញ្ជាក់ថា ក្រសួងអប់រំនឹងបន្តយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការបង្រៀន និងរៀនឱ្យកាន់មានប្រសិទ្ធភាព និងប្រសិទ្ធផល បានលើកឡើងពីគំនិតផ្តួចផ្ដើមនៃការជ្រើសរើសគ្រូបង្រៀនផ្នែកបច្ចេកវិទ្យានាពេលអនាគត និងសូមលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ ខិតខំប្រឹងប្រែងចាប់យកចំណេះវិជ្ជាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាពិសេស ប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ដើម្បីចែករំលែកចំណេះដឹងបន្តទៅកាន់សិស្សានុសិស្ស ក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយសក្តានុពល ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំឆ្នាំ២០២៥
បានផ្ដល់ឱកាសដល់គ្រូបង្រៀនដែលកំពុងបង្រៀននៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ឬឯកជន ដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជំនួយដល់ការបង្រៀន និងរៀន បានបញ្ចេញសមត្ថភាពរបស់ខ្លួន៕
