681 ezgif.com resize
Swift cc time

យូនីសេហ្វ៖ ការបៀតបៀនតាមអនឡាញអាចបន្សល់«ស្លាកស្នាមផ្លូវចិត្តពេញមួយជីវិតចំពោះកុមារ»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក Will Parks នាយកយូនីសេហ្វប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍លើករណីកូនរបស់លោក G-devith ដោយបានសង្កត់អត្ថន័យថា ការរករឿងឈ្លោះ និងការបៀតបៀនតាមអនឡាញអាចបន្សល់ស្លាកស្នាមផ្លូវចិត្តពេញមួយជីវិតចំពោះកុមារ។

បើតាមគេហទំព័រហ្វេសប៊ុកនៃ អង្គការយូនីសេហ្វប្រចាំកម្ពុជា បានឱ្យដឹងថាកាលពីថ្ងៃទី ១៣ កុម្ភៈ លោក Will Parks នាយកយូនីសេហ្វប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍លើករណីកូនរបស់លោក G-devith ក្រោយបានឃើញថា មានបណ្តាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំលែកព៍ត៌មានជាច្រើនជុំវិញកូនរបស់គាត់តាមប្រព័ន្ធអនឡាញ។

លោក Wil Parks បានលើកឡើងថា ការរករឿងឈ្លោះ និងការបៀតបៀនតាមអនឡាញអាចបន្សល់ទុកស្លាកស្នាមមួយជីវិតចំពោះកុមារ និងយុវជន។ រាជរដ្ឋាភិបាល ក្រុមហ៊ុនបច្ចេកវិទ្យា វិស័យធុរកិច្ច អ្នកបង្កើតមាតិកា ឪពុកម្តាយ និងយុវជនទាំងអស់ មានតួនាទីក្នុងការចូលរួមកសាងបរិយាកាសដែលកាន់តែមានសុវត្ថិភាពសម្រាប់អ្នកទាំងអស់គ្នា ជាពិសេស សម្រាប់កុមារ និងយុវជន លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ និងទប់ស្កាត់ការគំរាមកំហែង និងបៀតបៀនតាមអនឡាញ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុកនៃ UNICEF Cambodia 

យូនីសេហ្វបានអំពាវនាវចំពោះសាធារណជនថា ចំពោះករណីរករឿងឈ្លោះ ឬ ការគំរាមកំហែងតាមអ៊ីនធើណិត ដែលពាក់ព័ន្ធនឹងកុមារ និងយុវជន សូមរាយការណ៍ដោយផ្ទាល់ក្នុងបណ្តាញសង្គម ឬ ដោយផ្ទាល់ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈលេខ​១២៨៨ ដើម្បីចាត់វិធានការសមស្របតាមផ្លូវច្បាប់។ បន្ថែមពីនេះ សាធារណជនអាចទាក់ទងទៅកាន់បណ្តាញទូរស័ព្ទជំនួយកុមារ ១២៨០ និងទូរស័ព្ទទាន់ហេតុការណ៍ឥតគិតថ្លៃរបស់អង្គការ APLE កម្ពុជា លេខ ០៩២ ៣១១ ៥១១។

គួរបញ្ជាក់ផងដែរថា យូនីសេហ្វ នៅតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក៏ដូចជាវិស័យឌីជីថល និងទូរគមនាគមន៍ ដើម្បីពង្រឹងវិធាន ការសុវត្ថិភាពតាមអ៊ីនធឺណិត ជាពិសេស តាមរយៈការដាក់ឲ្យ អនុវត្តនូវគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារតាម ប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និង យុទ្ធនាការសុវត្ថិភាពតាមអនឡាញ ដើម្បីផ្តល់ចំណេះដឹងដល់ កុមារ និងឪពុកម្តាយក្នុងការការពារខ្លួនតាមអ៊ីនធឺណិត។ កុមារគ្រប់រូបមានសិទ្ធិរស់នៅ និងលូតលាស់ក្នុង បរិយាកាសប្រកបដោយសុវត្ថិភាព និងការគាំទ្រ ទាំងនៅលើអនឡាញ និងអហ្វឡាញ៕

Khcct banner

អត្ថបទទាក់ទង