
ភ្នំពេញ៖ លោកគ្រូ ទឹម ម៉ានី ដែលបានប្រឡូកក្នុងអាជីពជាអ្នកនិពន្ធ៥២ឆ្នាំ នឹងចែករំលែកបទពិសោធន៍ពីភាពខុសគ្នារវាងបរិបទនៃការតាក់តែងនិពន្ធពីមុន និងបច្ចុប្បន្ន ក្នុងកម្មវិធីកកូរសៀវភៅ។
យោងតាមគេហទំព័រនៃ កកូរសៀវភៅ បានឱ្យដឹងថា នៅក្នុងកម្មវិធីចែករំលែកបទពិសោធន៍នេះ លោកគ្រូ ទឹម ម៉ានី ដែលជាអ្នកនិពន្ធប្រលោមលោកជើងចាស់មួយរូប នឹងចែករំលែកពី បញ្ហាដែលលោកបានចួបប្រទះរយៈពេលកន្លងមកក្នុងអាជីពជាអ្នកនិពន្ធ និងភាពខុសគ្នារវាងបរិបទនៃការតាក់តែងនិពន្ធពីមុន និងបច្ចុប្បន្ន។
បើតាមគេហទំព័រក្រុមការងារកកូរសៀវភៅ បានបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៥២ ឆ្នាំមកនេះ លោកគ្រូ ទឹម ម៉ានី និពន្ធប្រលោមលោកបាន ៣១៦ ចំណងជើង ដែលបានចេញផ្សាយនៅលើទីផ្សារ និង ២១ រឿងទៀត នៅមិនទាន់ចេញផ្សាយនោះទេ។ ក្រៅពីអាជីពនិពន្ធ លោកគ្រូ បានចំណាយពេលបង្រៀន ច្បាប់រដ្ឋបាលសាធារណៈ ភាពជាអ្នកដឹកនាំ បង្រៀនការតាក់តែងនិពន្ធប្រលោមលោក និងអត្ថបទភាពយន្ត។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយកកូរសៀវភៅ និង សហការរៀបចំដោយ វិទ្យាស្ថានបារាំង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១:៣០ រសៀល ដល់ ៤:០០ រសៀល នៅទីតាំង បណ្ណាល័យពហុឯកសារជាន់ទី១ នៃវិទ្យាស្ថានបារាំង ដែលអនុញ្ញាតឱ្យសាធារណជនចូលរួមដោយសេរី។

គួរបញ្ជាក់ផងដែរថា កកូរសៀវភៅ ជាគម្រោងមួយដែលត្រូវបានផ្តួចផ្តើមដោយអ្នកនិពន្ធ គឹម ឌីណា ដែលមានការសហការរៀបចំដោយយុវជនដែលមានឆន្ទៈក្នុងការអាន និងការតែងនិពន្ធ ដែលមានបេសកកម្មក្នុងការបង្កើតឱ្យមានការជួបជុំរវាងអ្នកអាននិងអ្នកអាន ព្រមទាំងផ្សាភ្ជាប់អ្នកអានជាមួយនឹងអ្នកនិពន្ធផងដែរ។ កម្មវិធីនេះ ជាលើកទី១៣ហើយ ដែល កកូរសៀវភៅ បានរៀបចំឡើង៕
