
ភ្នំពេញ៖ «កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តបង្គោលជាច្រើនរូប ដែលមានអាយុ ១៨ ឆ្នាំឡើង ដើម្បីអនុវត្តគម្រោង ២៥ ខេត្តក្រុងក្នុងឆ្នាំ២០២៥។
តាមរយៈការចូលរួមធ្វើជាអ្នកស្ម័គ្រចិត្តដើម្បីសហគមន៍ យុវជននឹងទទួលបានទាំងបទពិសោធន៍ បានទាំងចំណេះដឹង បានទាំងទំនាក់ទំនង។ ជាពិសេស យុវជនមានឱកាសក្នុងការចូលរួមធ្វើជាអ្នកសម្របសសម្រួលទៅដល់ការអនុវត្តគម្រោងរបស់យុវជននៅតាមបណ្ដារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ព្រោះថា កម្មវិធី ស.ស.ខ/VMC ២០២៥ នឹងអនុវត្តនៅទូទាំង ២៥ រាជធានី ខេត្ត។
បេក្ខជនដែលអាចដាក់ពាក្យក្នុង ការជ្រើសរើសអ្នកស្ម័គ្រចិត្តបង្គោលនៃ «កម្មវិធីការស្ម័គ្រចិត្តដើម្បី សហគមន៍ខ្ញុំ ឆ្នាំ២០២៥» ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
១. ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង
២. ជានិស្សិត មន្ត្រីរាជការ បុគ្គលិកអង្គការ ឬក្រុមហ៊ុន
៣. មានឆន្ទៈក្នុងការចូលរួមការងារស្ម័គ្រចិត្ត និងការអភិវឌ្ឍសង្គមជាតិ
៤. មានទំនួលខុសត្រូវខ្ពស់ក្នុងការងារ និងមានភាពជាអ្នកដឹកនាំ
៥. មានជំនាញបច្ចេកវិទ្យា (ឧទា. ការប្រើប្រាស់ Gmail, Zoom, Google Drive ជាដើម)
៦. អាចចូលរួមអនុវត្តគម្រោងរហូតដល់ចុងបញ្ចប់នៃកម្មវិធី
៧. មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមក្នុងកម្មវិធី

បើតាមការប្រកាសនៃគេហទំព័រ ស.ស.ខ បានឱ្យដឹងថា នេះជាជំនាន់ទី៧ នៃកម្មវិធី ស.ស.ខ, ដែលនឹងធ្វើការជ្រើសរើសអ្នកស្ម័គ្រចិត្តបង្គោលរាជធានី ១). ផ្នែកកៀរគរធនធាន ២). ផ្នែករបាយការណ៍ និងពិធីការ ៣). ផ្នែកបច្ចេកវិទ្យា និងផ្សព្វផ្សាយ (Media Team) និង ៤). អ្នកស្ម័គ្រចិត្តបង្គោលប្រចាំរាជធានីខេត្តនីមួយៗ (២នាក់/ខេត្ត)។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមចូលទៅកាន់តំណភ្ជាប់ https://forms.gle/gBxquecGfhq1Fhoj7 ឱ្យបានមុនថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។
កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) ឬ Volunteer for My Community (VMC) ត្រូវបានសម្រេចរៀបចំបង្កើតឡើងតាមរយៈការអនុញ្ញាតជាគោលការណ៍ឯកភាពរបស់ក្រសួងអប់រំ ចាប់ពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន៕