
ភ្នំពេញ៖ ក្រុមប្រឹក្សាដឹកនាំយុវតី នឹងរៀបចំ យុទ្ធនាការស្តីអំពី"ចាប់ផ្តើមពីខ្ញុំនិងអ្នក ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ" ក្រោមទិវាអន្តរជាតិនារី "ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២៥ នៅទីតាំង សាលប្រជុំនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
បើតាមគេហទំព័រនៃ ក្រុមប្រឹក្សាដឹកនាំយុវតី បានឱ្យដឹងថា យុទ្ធនាការស្តីអំពី"ចាប់ផ្តើមពីខ្ញុំនិងអ្នក ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ" ក្រោមទិវាអន្តរជាតិនារី នឹងមានសកម្មភាពមួយចំនួនក្នុងកម្មវិធី ដូចជា ការទស្សនាការប្រគុំសិល្បៈតន្រ្តីដែលមកពីប្រទេសជប៉ុន ការច្រៀងចម្រៀងពីក្រុមប្រឹក្សាដឹកនាំយុវតី ការសម្តែង Flash mob ពិសេស ព្រមទាំងការផ្សងសំណាងយករង្វាន់ផងដែរ។

កម្មវិធីនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៧:៣០ព្រឹក - ១១ :៣០ ព្រឹក នៅថ្ងៃទី ១៤ កុម្ភៈ នៅទីតាំង សាលប្រជុំនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ ប្រសិនបើមានចំណាប់អារម្មណ៍ សូមចុះឈ្មោះ តាមរយៈតំណភ្ជាប់ https://docs.google.com/.../1FAIpQLSdXxGHgapI.../viewform… ។
យុទ្ធនាការមូយនេះប្រព្រឹត្តិទៅក្នុងគោលបំណងជំរុញលើកទឹកចិត្តកុមារ យុវជន និងអាណាព្យាបាល ចូលរួមផ្សព្វផ្សាយការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញទៅ កាន់សហគមន៍ និងសាលារៀន។ ជាពិសេស គឺចូលរួមផ្ដល់ភាពអង់អាចទៅដល់ក្មេងស្រីនិងស្រ្ដីគ្រប់រូបដើម្បីក្លាយជាផ្នែកមួយក្នុងការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។
គួរបញ្ជាក់ផងដែរថាកម្មវិធីនេះត្រូវបានរៀបចំឡើងដោយ ក្រុមប្រឹក្សាដឹកនាំយុវតី ( Girl leadership council) ដែលសុទ្ធតែជាយុវនារី ដែលមានឆន្ទៈដូចគ្នាក្នុងការទប់ស្កាត់ «ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ»។ យុវនារី ទទួលបានការគាំទ្រពី អង្គការសេរីភាពកម្ពុជាអូស្ត្រាលី ដែលមានចក្ខុវិស័យចង់ឱ្យ ក្មេងស្រីទាំងអស់ គ្រប់ទីកន្លែង រួចផុតពីការជួញដូរ និងការកេងប្រវ័ញ្ច៕