
បន្ទាយមានជ័យ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ប្រាសាទបុរាណបន្ទាយឆ្មារ គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ និងប្រជាជន ក្នុងនោះរាជរដ្ឋាភិបាលកំពុងរៀបចំដាក់បញ្ចូលប្រាសាទបន្ទាយឆ្មារ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះ លោក ស សុខា បានលើកឡើងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រាសាទបន្ទាយឆ្មារ នាឱកាសនេះ គឺជាសមិទ្ធផលដ៏ធំធេង សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនិយាយជារួម និងនិយាយដោយឡែក គឺសម្រាប់ប្រទេសជាតិទាំងមូល។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមថា ថ្វីដ្បិតតែការដាក់សម្ពោធនឹងការជួសជុលនេះ ជាការរួមចំណែករបស់លោកស្រី ម៉ៅ ម៉ាល័យ កែ កឹមយ៉ាន និងសប្បុរសជនមួយចំនួនទៀតក៏ពិតមែន ប៉ុន្តែសមិទ្ធផលផលនេះ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលណាម្នាក់ឡើយ ពោលគឺជាសមិទ្ធផលរួមរបស់ប្រជាជាតិ និងរាជរដ្ឋាភិបាល។

លោក ស សុខា បានបន្តទៀតថា ក្នុងឆ្នាំ២០២៤ កន្លងទៅមានទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនា ក្នុងខេត្តបន្ទាយមានជ័យ មានចំនួនរហូតទៅដល់ជាង ២០ម៉ឺននាក់។ ដូចនេះអ្វីដែលត្រូវធ្វើបន្តទៀត គឺការរួមគ្នាថែរក្សាអភិរក្ស នូវកេរដំណែលដ៏អស្ចារ្យ និងមានតម្លៃមួយនេះ ឱ្យកាន់ល្បីល្បាញបន្ថែមទៀត ដើម្បីទាញការវិនិយោគ ក៏ដូចជាភ្ញៀវទេសចរណ៍ឱ្យមកចូលទស្សនាកាន់តែច្រើនឡើង រួមទាំងការថែរក្សាអនាម័យក្តី សេវាកម្មក្តី ត្រូវមានភាពរស់រាយរាក់ទាក់ ជាផ្នែកមួយលើកកម្ពស់ដល់មុខមាត់ប្រទេសជាតិ ជាពិសេសធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងក្នុងតំបន់។

លោកឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ដល់ភាគីដែលពាក់ព័ន្ធទាំងអស់ដែលបានចូលរួមថែរក្សា និងអភិរក្សបានយ៉ាងខ្ជាប់ខ្ជួន ជាពិសេសការដឹកនាំ ចាត់ចែង សហការស្រាវជ្រាវ និងជួសជុលប្រាសាទបន្ទាយឆ្មារ អស់រយៈពេលជិត ២០ឆ្នាំ ក្រោមឥទ្ធិពលនៃកំដៅថ្ងៃ ខ្យល់ ភ្លៀងរលឹម ពីសំណាក់មន្ត្រីជំនាញ និងក្រុមការងារជួសជុលប្រាសាទ រហូតដល់សម្រេចបាននូវសមិទ្ធផលដែលត្រូវរៀបចំពិធីសម្ពោធឆ្លងនាពេលនេះ។ ប្រកបដោយស្មារតីលះបង់ និងកម្លាំងសាមគ្គីភាព ពិសេសបេះដូងស្រឡាញ់ និងទឹកចិត្តចូលរួមថែរក្សាសម្បត្តិវប្បធម៌ ដែលជាកេរដំណែលដ៏មានតម្លៃនៃដូនតារបស់យើង ពីសំណាក់មន្ត្រីពាក់ព័ន្ធកិច្ចការអភិរក្ស ពិសេសក្រុមការងារជួសជុលប្រាសាទ៕

