Cc times  web banner kh

អ៊ីស្រាអែលត្រៀមលក្ខណៈវាយចូលតំបន់ហ្គាហ្សាទ្រង់ទ្រាយធំ ក្រោយក្រុមហាម៉ាស់ពន្យាពេលដោះលែងចំណាប់ខ្មាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អ៊ីស្រាអែល៖ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលបានបញ្ជាឱ្យយោធារៀបចំការប្រយុទ្ធទ្រង់ទ្រាយធំក្នុងតំបន់ហ្គាហ្សាស្ទ្រីបបន្ទាប់ពីក្រុមហាម៉ាស់បានប្រកាសកាលពីថ្ងៃចន្ទថា ការប្រគល់ចំណាប់ខ្មាំងដែលបានគ្រោងទុកសម្រាប់ថ្ងៃសៅរ៍សប្តាហ៍នេះនឹងត្រូវពន្យារពេលរហូតដល់មានការជូនដំណឹងសារជាថ្មី។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការពារជាតិអ៊ីស្រាអែលលោក រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានចាត់ទុកការប្រកាសពន្យាពេលដោះលែងចំណាប់ខ្មាំងរបស់ក្រុមហាម៉ាសថាជាការរំលោភទាំងស្រុងលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលអ៊ីស្រាអែលបានធ្វើជាមួយក្រុមហាម៉ាស់។

បើតាមរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Katz បាននិយាយថា លោកបានបញ្ជាឱ្យកងកម្លាំងការពារអ៊ីស្រាអែលរៀបចំប្រយុទ្ធកម្រិតខ្ពស់បំផុតនៃការត្រៀមខ្លួនសម្រាប់សេណារីយ៉ូសង្រ្គាមដែលអាចកើតមាននៅក្នុងតំបន់ហ្គាហ្សានិងដើម្បីការពារសហគមន៍នៅជិតតំបន់ជុំវិញ។

យោងតាមគេហទំព័រព័ត៌មាន Ynet របស់អ៊ីស្រាអែលបានរាយការណ៍ដោយដកស្រង់សំដីរបស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កំពុងកោះប្រជុំវាយតម្លៃស្ថានភាពជាមួយរដ្ឋមន្ត្រី និងមន្ត្រីសន្តិសុខអ៊ីស្រាអែលត្រៀមវាយចូលតំបន់ហ្គាហ្សាទ្រង់ទ្រាយធំបើក្រុមហាម៉ាស់មិនធ្វើការដោះលែងចំណាប់ខ្មាំង។

កាលពីព្រឹកថ្ងៃច័ន្ទ លោក Abu Obeida អ្នកនាំពាក្យរបស់កងពលតូច Al-Qassam របស់ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលបីសប្តាហ៍កន្លងមកនេះ មេដឹកនាំក្រុមតស៊ូបានតាមដានការបរាជ័យរបស់អ៊ីស្រាអែល ក្នុងការមិនគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដូចច្នេះការប្រគល់ចំណាប់ខ្មាំងនឹងត្រូវពន្យារពេលរហូតដល់មានការជូនដំណឹងបន្ថែម និងរហូតដល់អ៊ីស្រាអែលធានាការប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះ។

គួរបញ្ជាក់ថាក្រោមបទឈប់បាញ់បច្ចុប្បន្ន ដែលបានចូលជាធរមាននៅថ្ងៃទី ១៩ ខែមករា បន្ទាប់ពីសង្រ្គាមរយៈពេល ១៥ ខែ ចំណាប់ខ្មាំងសរុបមាន ២១ នាក់ អ៊ីស្រាអែល ១៦ នាក់និងជនជាតិថៃ ៥ នាក់ត្រូវបានដោះលែងពីតំបន់ហ្គាហ្សាជាថ្នូរដោះលែងជនជាតិប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានដោះលែងពីគុកអ៊ីស្រាអែល។ ក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងដែលមានរយៈពេលប្រាំមួយសប្តាហ៍ ចំណាប់ខ្មាំងអ៊ីស្រាអែល ៣៣ នាក់ និងអ្នកឃុំឃាំងប៉ាឡេស្ទីនប្រហែល ២,០០០ នាក់ត្រូវបានគេរំពឹងថានឹងត្រូវបានដោះលែងនាពេលខាងមុខ៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង