![](https://cdn.cc-times.com/kh.cc-times.com/media/59164/large/JJSC5EBLFBIMJLTG6YNJHHKEXM.jpg?1739169774)
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានប្រកាសប្តេជ្ញាអភិវឌ្ឍនុយក្លេអ៊ែរបន្ថែមទៀត និងបានរិះគន់ចំៗទៅកាន់សម្ព័ន្ធមិត្តត្រីភាគីដែលមានជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកកំពុងតែធ្វើឲ្យបញ្ហាក្នុងតំបន់ឧបទ្វីបកូរ៉េកាន់តែស្ថិតក្នុងភាពលំបាក និងអាសន្នដែលអាចកើតមានឡើង លោកបានចាត់ទុកសម្ព័ន្ធមិត្តត្រីភាគីរបស់ប្រទេសទាំង ៣ គឺជាការគំរាមគំហែងយ៉ាងខ្លាំងក្លាដល់សន្តិសុខកូរ៉េខាងជើង។ ការប្រកាសរបស់មេដឹកនាំរូបនេះធ្វើឡើងក្នុងសុន្ទរកថាមួយរំលឹកខួបលើកទី ៧៧ នៃការបង្កើតកងទ័ពប្រជាជនកូរ៉េកាលពីថ្ងៃសៅរ៍ ទី ៨ ខែ កុម្ភៈ។
![](https://cdn.cc-times.com/kh.cc-times.com/media/59169/large/1.jpg?1739169853)
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់កិច្ចសហប្រតិបត្តិការយោធាត្រីភាគីមានសហរដ្ឋអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង ចំពោះការបង្កើនភាពតានតឹងនៅក្នុងតំបន់ និងបានប្តេជ្ញាចាត់វិធានការតបត រួមទាំងការអភិវឌ្ឍបន្ថែមទៀតនៃកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។
![](https://cdn.cc-times.com/kh.cc-times.com/media/59165/large/NZMVLBNT2JNGVEODIOZWLGPTNU.jpg?1739169779)
សម្រាប់លោកគីមជុងអ៊ុនការដាក់ពង្រាយយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក និងការធ្វើសមយុទ្ធយោធា ជាមួយនិងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងជំរុញឱ្យមានអតុល្យភាពយោធានៅក្នុងតំបន់ និងបង្កើនបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ខ្លួន។ មេដឹកនាំរូបនេះអះអាងទៀតថាកូរ៉េខាងជើងមិនចង់បានភាពតានតឹងក្នុងតំបន់នោះទេ ប៉ុន្តែនឹងចាត់វិធានការឆ្លើយតបជានិរន្តរភាពដើម្បីធានាតុល្យភាពយោធាក្នុងតំបន់ និងការពារប្រទេសរបស់ខ្លួនពីការឈ្លានពានណាមួយ។
![](https://cdn.cc-times.com/kh.cc-times.com/media/59168/large/476698013_1038406988325570_8142259135652650232_n.jpg?1739169846)
គួរបញ្ជាក់ថាកាលពីខែមុន កូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានសង្ស័យថា កូរ៉េខាងជើងកំពុងរៀបចំបញ្ជូនទាហានបន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ី បន្ថែមពីលើទាហានប្រហែល ១១,០០០នាក់ដែលត្រូវបានបញ្ជូនដើម្បីជួយរុស្ស៊ីក្នុងការច្បាំងជាមួយនឹងអ៊ុយក្រែន។ យ៉ាងណាក៏ដោយក៏កូរ៉េខាងជើងនៅតែបដិសេធថាមិនមានវត្តមានយោធារបស់ខ្លួនលើទឹកដីរបស់រុស្ស៊ីឡើយ៕