Img 1426
Swift cc time

កម្ពុជា នឹងរងឥទ្ធិពល«ភ្លៀងកក់ខែ»គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣-២០កុម្ភៈ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែកុម្ភៈ បានចេញសេចក្ដីជូនដំណឹងឱ្យដឹងថា ស្ថានភាពភ្លៀងកក់ខែ ក្នុងនោះ បណ្ដាខេត្តនៅតំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១៥%។ រីឯតំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និង ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១០%។

យោងតាមសេចក្តីជូនដំណឹង ក្រសួងធនធានទឹក បានពន្យល់ថា តាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងនៅព្រះរាជាណាចក្រកម្ពុជា សម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែកុម្ភៈ តំបន់វាលទំនាប រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១៥%។

តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និង ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១០%។ ចំណែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,២៥ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន ឡើងជាយថាហេតុ៕


Khcct banner

អត្ថបទទាក់ទង