
ភ្នំពេញ៖ គ្រូបង្រៀន១០រូបពីខេត្តក្រុងចំនួន៨ ត្រូវបានទទួលស្គាល់ជា «គ្រូបង្រៀនល្អ ភាសាខ្មែរថ្នាក់ទី១-៣» ប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមពានរង្វាន់ «សម្តេចតេជោហ៊ុនសែន» និងមានថវិកាអមពានរង្វាន់ទៅតាមលេខរៀងលេខ១ដល់លេខ១០។
បើតាមសេចក្តីប្រកាសនៃក្រសួងអប់រំ កាលពីថ្ងៃទី ០៥ កុម្ភៈ ២០២៥ បានឱ្យដឹងថា គ្រូបង្រៀន១០រូបត្រូវបានទទួលស្គាល់ជា «គ្រូបង្រៀនល្អ ភាសាខ្មែរថ្នាក់ទី១-៣» ប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ ដែលក្នុងនោះមានដូចជា មានលោកគ្រូ ដា មុនីរ័ត្ន គ្រូបង្រៀននៅសាលាបឋមសិក្សាមុខនាគ មកពីខេត្តសៀមរាប ទទួលបានពានរង្វាន់ ជ័យលាភី លេខ១ និងថវិកាអមពានរង្វាន់ចំនួន ៥ ០០០ 000 រៀល។ ចំណែក ចំណាត់ថ្នាក់លេខ ២ គឺលោកស្រី លី ស្រីនាង គ្រូបង្រៀននៅសាលាបឋមសិក្សាត្រើយឃ្លោក មកពីខេត្តតាកែវ ទទួលបានពានរង្វាន់ ជ័យលាភី លេខ២ និងថវិកាអមពានរង្វាន់ចំនួន ៤ ០០០ ០០០ (បួនលាន) រៀល។
យោងតាមលិខិតប្រកាស បានឱ្យដឹងបន្តទៀតថា ចំណាត់ថ្នាក់លេខ ៣ ៤ និង ៥ ទទួលបានថវិកាអមពានរង្វាន់ចំនួន ៣ ០០០ ០០០ (បីលាន) រៀល ដែលក្នុងនោះ មាន លោកស្រី ហង់ សុភាលីន គ្រូបង្រៀននៅសាលាបឋមសិក្សាពោធិ៍សាត់ មកពីខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់ ជ័យលាភី លេខ៣។ លោកស្រី ចេង ស្រីស្រស់ គ្រូបង្រៀននៅសាលាបឋមសិក្សាព្រៃស្ពឺ មកពីរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ជ័យលាភី លេខ៤, លោកស្រី មឿង សុភា គ្រូបង្រៀននៅសាលាបឋមសិក្សាដីក្រហម មកពីខេត្តឧត្តរមានជ័យ ទទួលបានពានរង្វាន់ ជ័យលាភី លេខ៥។
បន្ថែមពីនេះ ជ័យលាភីលេខ ៦ ដល់ ជ័យលាភីលេខ ១០ ទទួលបានថវិកាអមពានរង្វាន់ចំនួន ២ ៥០០ ០០០រៀល ដែលមាន៖
- លោកស្រី ហួត ហ្គេកហ័ង គ្រូបង្រៀននៅសាលាបឋមសិក្សាថ្លុកជ្រៅ មកពីខេត្ត កំពង់ចាម ទទួលបានពានរង្វាន់ ជ័យលាភី លេខ៦ ,
- លោក សុន ស៊ាន គ្រូបង្រៀននៅសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ក្រុងព្រៃវែង ខេត្តព្រៃវែង ទទួលបានពានរង្វាន់ ជ័យលាភី លេខ៧ ,
- លោកស្រី ទេព កោសល្យទេវី គ្រូបង្រៀននៅសាលាបឋមសិក្សាវត្តរាជបូណ៌ មកពីខេត្តសៀមរាប ទទួលបានពានរង្វាន់ ជ័យលាភី លេខ៨
- លោកស្រី ស៊ូ ស៊ីវណ្ណនរី គ្រូបង្រៀននៅសាលាបឋមសិក្សាទួលថ្ម ខេត្ត កំពង់ចាម ទទួលបានពានរង្វាន់ ជ័យលាភី លេខ៩
- លោក មាន សុភ័ក្រ គ្រូបង្រៀននៅសាលាបឋមសិក្សាក្បាលកន្លង់ ខេត្ត កំពង់ឆ្នាំង ទទួលបានពានរង្វាន់ ជ័យលាភី លេខ១០។

គួរបញ្ជាក់ជារួមផងដែរថា «គ្រូបង្រៀនល្អ ភាសាខ្មែរថ្នាក់ទី១-៣» ប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ មានសរុប ១០រូប ដែលមកពីខេត្តក្រុងចំនួន ៨ ដែលក្នុងនោះ ចំនួនពីររូប មកពីខេត្តសៀមរាបមាន ដែលម្នាក់ជាជ័យលាភី និងម្នាក់ទៀត លេខ ៨ ខេត្តកំពង់ចាម ចំនួនពីររូប តាកែវ១រូប ពោធិ៍សាត់១រូប កំពង់ឆ្នាំង ១រូប ព្រៃវែង១រូប និង ខេត្តឧត្តរមានជ័យ ១រូប និងភ្នំពេញ១រូប៕