
មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ បានបណ្ដាលឲ្យរថយន្ដក្រុងមួយគ្រឿងរេចង្កូតធ្លាក់ផ្លូវ នៅចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បណ្ដាលឲ្យមានអ្នករបួសធ្ងន់ ៣នាក់ (ស្រី២នាក់ ប្រុស១នាក់) ហើយរបួសស្រាល១១នាក់ (ស្រី៤នាក់ ប្រុស៧នាក់) ដោយមានអ្នកធ្វើដំណើរសរុបចំនួន ៤៦នាក់។

សមត្ថកិច្ច បានឲ្យដឹងថា ក្នុងករណីនេះ មានអ្នកធ្វើដំណើរសរុប៤៦នាក់ បណ្តាលឲ្យមានអ្នករបួសធ្ងន់ ៣នាក់ ក្នុងនោះស្រី២នាក់ ប្រុស១នាក់ ហើយរបួសស្រាល១១នាក់ ក្នុងនោះស្រី៤នាក់ ប្រុស៧នាក់ នៅចំណុច ភ្នំអូរតេ (ហៅផ្លូវអន្ទង់អាំង) ក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ទន្ទឹមនឹងនេះ ជនរងគ្រោះទាំងនោះ រួមមានលោកគ្រូ អ្នកគ្រូ និស្សិត អ្នកបើកបរ និងជំនួយការអ្នកបើកបរ នៃសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម ក្នុងកំលុងពេលធ្វើដំណើរទស្សនកិច្ចសិក្សា នៅខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ថា បច្ចុប្បន្នអ្នករបួសធ្ងន់ចំនួន០៣ នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅរាជធានីភ្នំពេញ។ ឯអ្នករបួសស្រាល និងអ្នកគ្មានរបួស លោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានរៀបចំរថយន្ដក្រុងរបស់សាលាខេត្ត ចំនួន០៣គ្រឿង ព្រមទាំងឡានសារ៉ែនរបស់ស្នងការដ្ឋានខេត្ត ដឹកជូនបន្តទៅរាជធានីភ្នំពេញវិញ៕