ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសយកឆ្នាំ២០២៥ ដាក់ចេញយន្តការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជា ដោយបង្កើតឱ្យមានគណៈកម្មការមួយ ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រីផ្ទាល់ អមជាមួយដោយឧបនាយករដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធ។
ការថ្លែងរបស់សម្តេចនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញនេះ គឺក្រសួងស្ថាប័ន្ធពាក់ព័ន្ធបានអនុវត្តន៍ជាប្រចាំ ដោយមានការចុះបង្ក្រាប និងចាប់បញ្ជូនជនបរទេសចេញពីប្រទេសជាបន្តបន្ទាប់។ ប៉ុន្តែការឆបោកអនឡាញនេះ ប៉ះពាល់សន្តិសុខសង្គម និងមុខមាត់ជាតិរបស់កម្ពុជា ដូច្នេះត្រូវខិតខំប្រឹងប្រែងទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសទាំងអស់នេះ ឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត។
សម្តេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី ឆ្នាំថ្មីនេះ យើងរៀបចំដំឡើងកម្រិតយន្តការអន្តរក្រសួងថ្នាក់ជាតិ ដែលនាយករដ្ឋមន្ត្រីដឹកនាំ ហើយមានឧបនាយករដ្ឋមន្ត្រីមួយចំនួនធំ ដូចជា លោក នេត សាវឿន លោក ស សុខា លោក ទៀ សីហា លោក ប្រាក់ សុខុន លោក កើត រិទ្ធ និងពីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ។ គណៈកម្មការចំពោះកិច្ចមួយ ដើម្បីធ្វើការប្រយុទ្ធប្រឆាំងជាមួយបទល្មើសឆបោកអនឡាញនេះ រួមមានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងកងទ័ព ដើម្បីធ្វើកិច្ចការងារនេះ ធ្វើយ៉ាងណាដោះស្រាយបញ្ហានេះ ព្រោះពាក់ព័ន្ធមុខមាត់ និងសន្តិសុខជាតិរបស់យើង។
បន្ថែមនេះ សម្តេចបានជំរុញរដ្ឋបាលរាជធានីខេត្ត, ស្នងការរាជធានីខេត្ត, អាវុធហត្ថរាជធានីខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀម លក្ខណៈដើម្បីសហការគ្នា ដើម្បីទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមអនឡាញ និងការជួញដូរមនុស្សនេះ៕