
ភ្នំពេញ៖ ក្រសួងអប់រំ បានលើកឡើងថា សៀវភៅ «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដែលជា សៀវភៅសិក្សាបន្ថែម ឈរលើគោលជំហរប្រកាន់ខ្ជាប់នូវការពិត មិនកាឡៃប្រវត្តិសាស្រ្ត ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ មានក្តោបខ្លឹមសារប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ចាប់ពីតាំងសម័យសង្គមរាស្រ្តនិយម រហូតមកដល់បច្ចុប្បន្ន ដែលមានប្រភពឯកសារមកពីឯកសារប្រវត្តិសាស្រ្តដែល បានចងក្រងកន្លងមក។

បើតាមប្រសាសន៍របស់ លោក ហង់ជួន ណារ៉ុន នៅក្នុងវីដេអូស្ដីពី ការរៀន និងបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា ដែលបានបង្ហោះលើគេហទំព័រហ្វេសប៊ុកក្រសួងអប់រំ បានឱ្យដឹងថា សៀវភៅ «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ត្រូវបានអនុម័តដោយក្រសួងអប់រំ សម្រាប់បង្រៀននៅក្នុងកម្រិតថ្នាក់បឋមសិក្សា ដែលបានក្តោបខ្លឹមសារប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាចាប់ពីតាំងពីទសវត្សទី ៧០ រហូតមកដល់បច្ចុប្បន្ន ដែលមានប្រភពឯកសារមកពីឯកសារប្រវត្តិសាស្រ្តដែលបានចងក្រងកន្លងមក។

យ៉ាងណាមិញ អ្វីដែលមានភាពប្លែកបន្ថែមនោះ សៀវភៅនេះរៀបចំជាលក្ខណៈរូបភាពដែលមានភាពងាយស្រួលសម្រាប់កុមារក្នុងការចងចាំខ្លឹមសារ ដែលផ្តោតលើហេតុនិងផល នៃប្រវត្តិសាស្រ្ត និងអាចត្រិះរិះពិចារណាបានកាន់តែប្រសើរឡើង ដោយបូកផ្សំជាមួយនឹងវិធីសាស្រ្តបង្រៀនដែលមានគោលបំណងឱ្យសិស្សអាចចេះស្រាវជ្រាវបន្ថែម និងត្រិះរិះ។ ក្រសួងបានបន្តទៀតថា សៀវភៅនេះ ជាសៀវភៅសិក្សាបន្ថែម សម្រាប់សិស្សកម្រិតថ្នាក់ទី៦ ព្រោះថា សៀវភៅពុម្ព សិក្សាសង្គម ថ្នាក់ទី៦ នៅតែជាសៀវភៅសិក្សាគោលសម្រាប់មុខវិជ្ជាប្រវត្តិសាស្រ្ត។

ក្រសួងអប់រំ បានបន្តទៀតថា សៀវភៅនេះ ឈរលើគោលជំហរប្រកាន់ខ្ជាប់នូវការពិត មិនកាឡៃប្រវត្តិសាស្រ្ត ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ។ បន្ថែមពីនេះ ក្រសួងអប់រំ បានអំពាវនាវឱ្យសាធារណជន ជាពិសេសយុវជនព្យាយាមចំណាយពេលអានសៀវភៅឱ្យបានចប់ ដើម្បីអាចពង្រឹងចំណេះដឹងបានស៊ីជម្រៅ។

លោក ហង់ ជួនណារ៉ុន បានបន្ថែមទៀតថា សៀវភៅនេះ បានបន្ថែមនូវខ្លឹមសារចំនួន៥ចំណុចធំៗ ដែលជាប្រវត្តិសាស្រ្តសំខាន់ក្នុងការធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពក្នុងពេលបច្ចុប្បន្ន ដែលក្នុងនោះមានដូចជា៖ (១) រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងផែនទីដែលធ្វើឱ្យប្រទេសកម្ពុជាបានរួចផុតពីប៉ុលពត , (២) ការទប់ស្កាត់នៃការត្រឡប់មកវិញនៃរបបប៉ុលពត (៣) តួនាទីរបស់សម្តេចហ៊ុនសែនក្នុងការតស៊ូក្នុងការប្រឆាំងនឹងប៉ុលពត (៤) នយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញសម្រាប់កម្ពុជា (៥) ការផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមមានយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណ។

នៅក្នុងវីដេអូស្ដីពី ការរៀន និងបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា លោក ហង់ ជួនណារ៉ុន បានបកស្រាយថា ការរៀនប្រវត្តិសាស្រ្ត ត្រូវបានបែងចែកជាបីកម្រិត គឺកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលសិក្សាដោយប្រើនូវ «សៀវភៅសិក្សាគោល»ទៅតាមកម្រិតរបស់ខ្លួន និងមាន «សៀវភៅសិក្សាបន្ថែម» ជាច្រើនដែលសិស្សានុសិស្សអាចអានបន្ថែមដើម្បីស្វ័យសិក្សាពីប្រវត្តិសាស្រ្ត ដែលក្នុងនោះ មានដូចជា សៀវភៅដែលនិពន្ធដោយ ត្រឹង ងា លោក ហង់ ជួនណារ៉ុន ព្រមទាំងអ្នកនិពន្ធដែលជាប្រវត្តិវិទូនានា ដែលក្នុងនោះរួមមាន សៀវភៅ «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ជាសៀវភៅសិក្សាបន្ថែមថ្មីផងដែរ។

គួរបញ្ជាក់ផងដែរថា សៀវភៅ «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដែលអនុម័តដោយក្រសួងអប់រំ កំពុងទទួលរងការប្រតិកម្មពីសំណាក់មហាជនក្នុងបណ្ដាញទំនាក់ទំនងសង្គមក្នុងរយៈពេលចុងក្រោយមកនេះពាក់ព័ន្ធនឹងគម្របសៀវភៅ៕


