![](https://cdn.cc-times.com/kh.cc-times.com/media/59029/large/trump-angry-finger-speech.jpg?1738902957)
អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយ ដោយដាក់ទណ្ឌកម្មលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជុំវិញការស៊ើបអង្កេតលើអ៊ីស្រាអែល និងប្រកាសចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល Benjamin Netanyahu ក្រោមហេតុផលថាលោកបានធ្វើឧក្រិដ្ឋកម្មសង្រ្គាមប្រល័យពូជសាសន៍លើជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា។ បញ្ជាថ្មីរបស់លោកដូណាល់ត្រាំដាក់ទណ្ឌកម្មទៅលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះធ្វើឡើងក្រោយពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាម៉េរិក។
![](https://cdn.cc-times.com/kh.cc-times.com/media/59031/large/201903ij_hague_icc8.jpg?1738902965)
ក្នុងបទបញ្ជាថ្មីនេះលោកដូណាល់ត្រាំបានចោទប្រកាន់ ICC ពីបទចូលរួមក្នុងសកម្មភាពខុសច្បាប់ ស៊ើបអង្កេតលើអាម៉េរិក និងអ៊ីស្រាអែលនិងការរំលោភបំពានអំណាចរបស់ខ្លួនដោយការចេញដីកាចាប់ខ្លួនដោយគ្មានមូលដ្ឋានប្រឆាំងនឹងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant ។ ទណ្ឌកម្មរបស់លោកត្រាំលើ ICC នឹងរួមបញ្ចូលការបង្កកទ្រព្យសម្បត្តិរបស់បុគ្គលិកបម្រើការក្នុងតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ និងរារាំងពួកគេ និងក្រុមគ្រួសាររបស់ពួកគេមិនឲ្យចូលក្នុងសហរដ្ឋអាម៉េរិក។
![](https://cdn.cc-times.com/kh.cc-times.com/media/59030/large/1200x675_cmsv2_b65a892a-45f4-5ff.jpg?1738902961)
ភ្លាមៗក្រោយពីលោកត្រាំបានប្រកាសដាក់ទណ្ឌកម្មលើ ICC តុលាការនៅមិនទាន់ចេញការឆ្លើយតបចំពោះការដាក់ទណ្ឌកម្មរបស់លោកត្រាំលើខ្លួនឡើយ។
គួរបញ្ជាក់ថាតុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលមានសមាជិក ១២៥ប្រទេស គឺជាតុលាការអចិន្ត្រៃយ៍ ដែលអាចកាត់ទោសបុគ្គលណាម្នាក់ដែលប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មឈ្លានពានប្រឆាំងនឹងទឹកដីនៃរដ្ឋជាសមាជិកខ្លួន ហើយសហរដ្ឋអាម៉េរិក ចិន រុស្ស៊ី និងអ៊ីស្រាអែល មិនមែនជាសមាជិកទេនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិឡើយ។
![](https://cdn.cc-times.com/kh.cc-times.com/media/59032/large/GettyImages-687249136.jpg?1738902972)
ក្រៅពីសហរដ្ឋអាម៉េរិក រុស្ស៊ីក៏បានដាក់គោលដៅលើតុលាការនេះផងដែរ ដោយកាលនៅឆ្នាំ ២០២៣ តុលាការ ICC បានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មសង្រ្គាម ដែលបាននិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់។ ជាការឆ្លើយតបប្រទេសរុស្ស៊ីបានចេញដីការចាប់ខ្លួនប្រធានតុលាការ ICC លោក Karim Khan និងមិនឲ្យជាន់ទឹកដីរុស្ស៊ីជាដាច់ខាត៕
![](https://cdn.cc-times.com/kh.cc-times.com/media/59033/large/b.jpg?1738903015)
![](https://cdn.cc-times.com/kh.cc-times.com/media/59034/large/k.jpg?1738903052)