
ភ្នំពេញ៖ គម្រោង «Together by Heart» បានបរិច្ចាគថវិកា ដែលបានពីការលក់សំបុត្ររត់ដើម្បីកុមារ និងការបរិច្ចាគពីសប្បុរសជន ទៅកាន់មន្ទីរពេទ្យកុមារអង្គរ ចំនួន ៥០៣៥.១៥ ដុល្លារ ។

បើតាមគេហទំព័រនៃ គម្រោង «Together by Heart» បានឱ្យដឹងថា គម្រោងនេះជាគម្រោងមួយដែលមានចក្ខុវិស័យក្នុងការប្រមូលផ្តុំមនុស្សរួមគ្នា ដើម្បីផ្តល់ជាផលវិជ្ជមានទៅកាន់សង្គម។ ដើម្បីសម្រេចនូវចក្ខុវិស័យនេះ គម្រោងនេះមនបេសកកម្មក្នុងការរៀបចំកម្មវិធីសហគមន៍ផ្សាភ្ជាប់នឹងសប្បុរសធម៌ដើម្បីអាចគាំទ្រដល់សហគមន៍។

«Together by Heart» បានរៀបចំព្រឹត្តិការណ៍រត់ដើម្បីកុមារមួយ ដែលមានឈ្មោះថា CASTOR RUN FOR CHILDREN ដើម្បីបរិច្ចាគជួយសង្គ្រោះកុមារ តាមរយៈការលក់សំបុត្ររត់ ដោយ ថវិកាពីការលក់សំបុត្រនិងប្រាក់ឧបត្ថម្ភគឺសម្រាប់បរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ។ព្រឹត្តិការណ៍រត់នេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ០២ កុម្ភៈ ២០២៥ វេលាម៉ោង ៦ ព្រឹក នៅទីតាំងម្តុមបឹងកក់ ដែលជាការរត់មានចម្ងាយ ៥ គីឡូមែត្រ។

ជាសមិទ្ធផល ព្រឹត្តិការណ៍រត់ដើម្បីកុមារនេះ បានគៀរគរបានថវិកាប្រមាណ ៥០៣៥.១៥ ដុល្លារ ដើម្បីបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ។ សមិទ្ធផលនេះអាចប្រព្រឹត្តទៅបានដោយមានការសហការ និងគាំទ្រពីស្ថាប័នពាក់ព័ន្ធដែលយុវជនក្រុមនេះទទួលបានជំនួយ។

គួរបញ្ជាក់ផងដែរថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ យុវជន និងសាធារណជនជាច្រើនបានរៀបចំគម្រោង និងសកម្មភាពនានាដែលអាចគៀរគរថវិកាបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ដែលមានបេសកកម្មចង់ឱ្យកុមារគ្រប់រូបមិនថាមកពីឋានៈអ្វីអាចមានសុខភាពល្អ៕
