ភ្នំពេញ៖ មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០២៥ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ក្រោមប្រធានបទ«សុខដុមនៃភាពចម្រុះ» ដោយរៀបចំនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រាជធានីភ្នំពេញ។ មហោស្រពនេះ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌កម្ពុជា និងជប៉ុន ក៏ដូចជាដើម្បីរឹតចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុន ផងដែរ។


នៅក្នុងមហោស្រពដែលមានរយៈពេល ៤ ថ្ងៃនេះ មានសកម្មភាពជាច្រើនទាំងកម្សាន្ត និងការអប់រំ ដែលក្នុងនោះមានដូចជា ការប្រគល់រង្វាន់ដល់បេក្ខជនជ័យលាភីប្រចាំឆ្នាំ២០២៤ បទបង្ហាញ និងការចែករំលែកស្តីពីកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំនៅប្រទេសជប៉ុន សិក្ខាសាលា «ពេជ្រក្នុងថ្ម» ការចែករំលែកពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន បទបង្ហាញអំពីការសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៥ ដែលណែនាំពីជំនាញ និងសាកលវិទ្យាល័យ និងកម្មវិធីចែករំលែក ព្រមទាំងសិក្ខាសាលាផ្សេងទៀតជាច្រើនដែលមានសារសំខាន់សម្រាប់យុវជន។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុកនៃ Japan Cambodia Kizuna & Tanabata
បន្ថែមពីនេះ ព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីជាច្រើនដូចជាជាសិក្ខាសាលា បឋកថា និងពិព័រណ៍សិល្បៈ វប្បធម៌ អប់រំ ម្ហូបអាហារ សាកល្បងស្លៀកសំលៀកបំពាក់ជប៉ុនយូកាតា បង្កើតកាតបុស្តិ៍របស់អ្នកពី Oshibanaទៅកាន់ប្រទេសជប៉ុន និងការសរសេរអក្សរផ្ចង់ ការជជែកពីបទពិសោធន៍ទទួលបានអាហារូបករណ៍ជប៉ុន ពិព័រណ៍សម្លៀកបំពាក់ឡូលីតា និងមានកម្មវិធីជាច្រើនទៀត។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុកនៃ Japan Cambodia Kizuna & Tanabata
អ្វីដែលពិសេសជាងនេះទៅទៀត មហោស្រពគីហ្សូណា មានការបង្ហាញទស្សនីយភាពរបាំ ព្រមទាំង ល្ខោនខោល រឿងរាមកេរ្តិ៍ ត្រង់ឈុត «អង្គទ និងហនុមាន បំផ្លាញពិធីទប់ទឹករបស់កុម្ភកាណ៍»
គួរបញ្ជាក់ថា មហោស្រពគីហ្សូណា ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០១២ ដើម្បីជំរុញការផ្លាស់ប្តូររវាងជប៉ុន និងកម្ពុជា លើវិស័យវប្បធម៌ និងអប់រំ។ តាំងពីពេលនោះមកមហោស្រពនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយមានចំនួនអ្នកចូលរួមច្រើនកុះករ៕





ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុកនៃ Japan Cambodia Kizuna & Tanabata