
ភ្នំពេញ៖ ក្រសួងកសិកម្មកម្ពុជា ចាប់ដៃគ្នាជាមួយអង្គការដៃគូអន្តរជាតិមាន អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប (EU) បានរៀបចំ ពិធីបង្ហាញការចម្អិនម្ហូបរបស់គម្រោង CAPFISH-Capture៖ ភោជនាហារធ្វើពីត្រីខ្មែរ។ជាព្រឹត្តិការណ៍ ក្នុងគោលដៅផ្សព្វផ្សាយអំពីសិល្បៈដ៏សម្បូរបែបក្នុងការចម្អិនម្ហូបដោយប្រើប្រាស់ត្រីក្នុងស្រុក និង លើកកម្ពស់ការអភិវឌ្ឍវិស័យជលផល អមជាមួយភាពច្នៃប្រឌិតជាមួយម្ហូបបរទេស។
យោងតាមក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ពិធីបង្ហាញការចម្អិនម្ហូបធ្វើពីត្រីខ្មែរនេះ បានឆ្លុះបញ្ចាំងអំពីតម្លៃមិនអាចកាត់ថ្លៃបាននៃការផ្សារភ្ជាប់គ្នារវាងធនធានជលផល និង ជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល និង បានបង្កើតឱកាសអាជីវកម្មសម្រាប់សហគ្រាសជលផលខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ជាពិសេសសហគ្រាសគ្រប់គ្រងដោយស្រ្តីនិងយុវវ័យ។
បើតាមក្រសួង ព្រឹត្តិការណ៍ក្រោមប្រធានបទ«បរិភោគត្រីក្នុងស្រុក៖ ជាអាហារសុខភាពដើម្បីអភិវឌ្ឍន៍សហគមន៍»ផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធជួបពិភាក្សា និង ប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់ និង ផ្សព្វផ្សាយអំពីការចម្អិនមុខម្ហូបផ្សេងៗពីត្រីឱ្យបានទូលំទូលាយ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនក្នុងពេលបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ។សម្រាប់ក្រសួង វិស័យជលផល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងដោយហេតុថា ប្រូតេអ៊ីននៃរបបអាហារសម្រាប់គ្រួសារខ្មែរ ៧៦% ទទួលបានមកពីត្រី បន្ថែមលើការបង្កើតការងាប្រមាណជា ២ លាននៅទូទាំងប្រទេស។
ជាការកត់សម្គាល់ សម្រាប់ក្រសួងកសិកម្ម ក្នុងសង្គមគ្រួសារខ្មែរទូទៅ នៅតែបន្តពេញនិយមទទួលទានមុខម្ហូបបែបប្រពៃណីខ្មែរដូចជា ប្រហុកខ្ទិះ ត្រីងៀត ផ្អក និងត្រីឆ្អើរជាដើម។ ប៉ុន្តែដោយមើលឃើញពីនិន្នាការសកលបានកំពុងជះឥទ្ធិពលមកលើទម្លាប់នៃការបរិភោគ និង ចំណង់ចំណូលចិត្តរបស់យុវវ័យនាពេលបច្ចុប្បន្នឲ្យងាកមកទទួលទានមុខម្ហូបបែបបរទេស។ដូច្នេះកម្មវិធីបានអញ្ជើញចុងភៅមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) ដើម្បីចម្អិនម្ហូបប្រកបដោយភាពច្នៃប្រឌិតនូវមុខម្ហូបបែបសម័យមផ្សេងៗដូចជា ស៊ូស៊ី និង សាស៊ីមីធ្វើពីត្រីខ្មែរជាដើម ក្នុងគោលដៅបង្ហាញពីភាពសម្បូរបែបនៃផលិតផលជលផលកម្ពុជា និងសារៈសំខាន់នៃការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព៕