Cctime 6monthsfree desktop
Cc times  web banner kh (2)

«ទិវាបញ្ញាសិប្បនិម្មិតក្នុងការអប់រំ ២០២៥» បង្កើនចំណេះសិស្ស និងអ្នកអប់រំ ៤០០ នាក់ ពីតួនាទីដ៏សំខាន់នៃ AI ក្នុងប្រព័ន្ធអប់រំកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ «ទិវាបញ្ញាសិប្បនិម្មិតក្នុងការអប់រំ ២០២៥» បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥ ដែលត្រូវបានរៀបចំជាលើកដំបូង ប្រមូលផ្តុំអ្នកចូលរួមប្រមាណជាង ៤០០នាក់ រួមមាន សិស្សានុសិស្ស គ្រូបង្រៀន និងអ្នកអប់រំគ្រប់កម្រិត ដើម្បីស្វែងយល់អំពីតួនាទីដ៏សំខាន់នៃបញ្ញាសិប្បនិម្មិតក្នុងប្រព័ន្ធអប់រំកម្ពុជា។

បើតាមគេហទំព័រហ្វេសប៊ុកនៃ Sisters of Code បានឱ្យដឹងថា «ទិវាបញ្ញាសិប្បនិម្មិតក្នុងការអប់រំ ២០២៥» ត្រូវបានរៀបចំជាលើកដំបូង ដើម្បីអនុញ្ញាតឱ្យ សិស្សានុសិស្ស គ្រូបង្រៀន និងអ្នកអប់រំគ្រប់កម្រិត អាចស្វែងយល់អំពីតួនាទីដ៏សំខាន់នៃបញ្ញាសិប្បនិម្មិតក្នុងប្រព័ន្ធអប់រំកម្ពុជា។

ក្រុមការងាររៀបចំ «ទិវាបញ្ញាសិប្បនិម្មិតក្នុងការអប់រំ ២០២៥»

ប្រភពរូបភាព៖ គេហទំព័រ Sisters of Code

បើតាមប្រភពបានឱ្យដឹងទៀតថា ព្រឹត្តិការណ៍ដ៏សំខាន់នេះបានក្លាយជាវេទិកាសម្រាប់កិច្ចពិភាក្សា និងកិច្ចសហការប្រកបដោយអត្ថន័យ ដោយផ្តោតលើបីចំណុចធំៗគឺ៖

- ការបញ្ចូលបញ្ញាសិប្បនិម្មិត ដើម្បីលើកកម្ពស់បទពិសោធន៍នៃការបង្រៀន និងរៀន។

- ការផ្តល់អំណាចដល់គ្រូបង្រៀន និងសិស្សានុសិស្ស ជាមួយនឹងឧបករណ៍ និងចំណេះដឹងទំនើបៗ។

- ការកសាងគ្រឹះ សម្រាប់ប្រព័ន្ធអប់រំកម្ពុជាដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត។

លោក Dominic Williams , អគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា
ប្រភពរូបភាព៖ គេហទំព័រ Sisters of Code

យោងតាមគេហទំព័រ Sisters of Code គណអធិបតីពីររូបរួមមាន លោក Dominic Williams ដែលជា អគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក ឈូក ច័ន្ទឆាយា អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ បានលើកឡើងថា «ការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់គ្រូបង្រៀន និងការរួមបញ្ចូលបច្ចេកវិទ្យាក្នុងគរុកោសល្យគឺចាំបាច់ណាស់។ 

លោក ឈូក ច័ន្ទឆាយា អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ 

ប្រភពរូបភាព៖ គេហទំព័រ Sisters of Code

ទោះជាយ៉ាងណាក៏ដោយ វាកាន់តែមានសារៈសំខាន់ក្នុងការបង្កើនសមត្ថភាពគរុកោសល្យ និងទំនាក់ទំនងមនុស្សរវាងគ្រូ និងសិស្ស ព្រោះថាបច្ចេកវិទ្យាមិនអាចជំនួសទំនាក់ទំនងដ៏ស្អិតរមួយនេះបានពេញលេញទេ។»

វាគ្មិនកិត្តិយសពិភាក្សាប្រធានបទក្នុង «ទិវាបញ្ញាសិប្បនិម្មិតក្នុងការអប់រំ ២០២៥»

ប្រភពរូបភាព៖ គេហទំព័រ Sisters of Code

កម្មវិធីនេះមានការចូលរួមពី តំណាងមកពី ក្រសួងឧស្សាហកម្ម អង្គការយូណេស្កូប្រចាំទីក្រុងភ្នំពេញ និងសាលាជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរដែលបានចូលរួមកិច្ចពិភាក្សាចែករំលែកចំណេះដឹងអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការអប់រំក្នុងប្រទេសកម្ពុជា។ ដែលក្នុងនោះ កិច្ចពិភាក្សានេះបានផ្តល់នូវការយល់ដឹងដ៏មានតម្លៃអំពីអនាគតនៃ AI ក្នុងវិស័យអប់រំ និងផលប៉ះពាល់សក្តានុពលរបស់វាទៅលើការអភិវឌ្ឍន៍របស់កម្ពុជា។

វាគ្មិនកិត្តិយសចែករំលែកពី «ផលប្រយោជន៍នៃការប្រើប្រាស់ AI សម្រាប់អ្នកអប់រំ» 

ប្រភពរូបភាព៖ គេហទំព័រ Sisters of Code

“ទិវាបញ្ញាសិប្បនិម្មិតក្នុងការអប់រំ ២០២៥” គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញការទទួលយកញ្ញាសិប្បនិម្មិត ( AI) ប្រកបដោយសីលធម៌នៅក្នុងប្រព័ន្ធអប់រំកម្ពុជា។ តាមរយៈការបន្តកិច្ចសហការ ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ធនធាន យើងអាចធានាថា AI ត្រូវបានប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ និងមានប្រសិទ្ធភាព ដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្ស។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យដោយមាន ដៃគូសហការរួមមាន ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត និងស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង