ភ្នំពេញ៖ KSH App គឺជាកម្មវិធីទូរស័ព្ទដៃដែលត្រូវបានបង្កើតឡើងដោយអ្នកជំនាញក្នុងមួយវិស័យអប់រំដើម្បីរួមចំណែកក្នុងការដោះស្រាយវិបត្តិសង្គមក្នុងការរស់នៅតាមបែបគន្លងថ្មី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ឃីម សុខហេង ជាស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSi Business School) ក៏ដូចជាភាគីពាក់ព័ន្ធជាច្រើនទៀត។
នាឱកាសនេះ លោក ឃីម សុខហេង បានមានប្រសាសន៍ថា KSH App ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងគោលបំណងសំខាន់៣ដូចជា ការបង្កើនសុភមង្គលគ្រួសារ បង្កើនផលិតភាពការងារដល់គ្រប់ក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជន ក៏ដូចជាការបង្កើននូវការអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង។
លោកបន្តថា KSH App គឺជា កម្មវិធី (App) ដែលផ្តល់នូវវីដេអូអប់រំដែលផ្តោតលើបទពិសោធន៍ជាក់ស្តែង ទាក់ទងនឹងសុភមង្គលគ្រួសារ គន្លឹះក្នុងការដោះស្រាយវិបត្តិក្នុងគ្រួសារ ទាំងបញ្ហារវាងប្តីប្រពន្ធ ការមិនចុះសម្រុងគ្នា រួមជាមួយនឹងការចិញ្ចឹមអប់រំកូនជាដើម។ បន្ថែមពីនេះ កម្មវិធីនេះក៏ជួយដល់បុគ្គលិកការងារអាចពង្រឹងសមត្ថភាពខ្លួន និងអភិវឌ្ឍការងារកាន់តែល្អប្រសើរតាមរយៈវីដេអូអប់រំនៅក្នុងកម្មវិធីទូរស័ព្ទដៃមួយនេះ។
ស្ថាបនិករូបនេះបានឱ្យដឹងថា App នេះត្រូវបានធ្វើ២ដង ដោយមានរយៈពេល៤ឆ្នាំ និងមានកិច្ចសហការពីក្រុមអ្នកជំនាញខ្មែរ។ ចំពោះ KSH App នេះ គឺជាកំណែទម្រង់ថ្មីចុងក្រោយ កាន់តែមានបច្ចេកវិទ្យាទំនើប និងថ្មី ហើយនឹងកាន់តែផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ព្រោះមានការរៀបចំបែងចែកជាផ្នែកៗដូចជា ផ្នែកសុភមង្គលគ្រួសារ ផលិតភាពការងារ និងការអភិវឌ្ឍន៍ខ្លួន ហើយក៏នឹងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត។
KSH App បានផ្តល់ជូនដល់សាធារណជនកម្ពុជា នូវវីដេអូអប់រំខ្លីៗជាង៥០០ក្លីប សម្រាប់ទស្សនាដោយសេរីនៅក្នុងកម្មវិធីទូរស័ព្ទដៃ ទាំង iOS និង Android ហើយក៏មានវីដេអូមួយចំនួនកំពុងតែកែសម្រួលឡើងវិញ។ ចំពោះការចំណាយសម្រាប់ KSH App គឺមានច្រើនជម្រើស ដោយក្នុងនោះតម្រូវឱ្យអ្នកប្រើប្រាស់ចំណាយលុយត្រឹមតែ១ដុល្លារ ទើបអាចទស្សនាបានគ្រប់វីដេអូ ក្នុងរយៈពេល១ថ្ងៃពេញ។ មួយវិញទៀតអ្នកប្រើប្រាស់អាចចំណាយទឹកប្រាក់ ១០ដុល្លារ អាចរៀន និងទស្សនាវីដេអូបានដល់៣០ថ្ងៃ និងចំណាយ១៥ដុល្លារ អាចទស្សនាគ្រប់វីដេអូ រយៈពេល៩០ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ឃីម សុខហេង៕