ភ្នំពេញ៖ កម្មវិធី STEPCam ជាមូលដ្ឋានគ្រឹះសម្រាប់អនាគតកម្ពុជា ដោយផ្តោតលើគុណភាពនៃការសិក្សាភាសាខ្មែរ និងគណិតវិទ្យានៃសិស្សានុសិស្សដែលរៀននៅថ្នាក់ទី១-៣ ដើម្បីមានសមត្ថភាពអាចបន្តការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀតប្រកបដោយជោគជ័យ។
បើតាមគេហទំព័រនៃអង្គការយូណេស្កូបានឱ្យដឹងថា កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) នេះ នឹងអនុញ្ញាតឱ្យ សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១ ដល់ថ្នាក់ទី៣ មានការរៀនដែលប្រើប្រាស់នូវសម្ភារៈដែលជះឥទ្ធិពលវិជ្ជមានលើការសិក្សារបស់ពួកគេ តាមរយៈ សៀវភៅលំហាត់សម្រាប់សិស្ស សៀវភៅជំនួយសិស្ស វីឌីអូបង្រៀនគណិតវិទ្យាបែបសប្បាយ ជាពិសេស ព្រមទាំងមាន គន្លឹះសម្រាប់គ្រូប្រើប្រាស់ក្នុងការបង្រៀន និងក្រដាសមួយចំនួនដែលជាជំនួយដល់ការបង្រៀនកាន់តែមានភាពរស់រវើករវាងគ្រូបង្រៀន និងសិស្សានុសិស្ស។
លោកស្រី ហ៊ាង ធារី ជាគ្រូបង្រៀនថ្នាក់ទី១ មកពីសាលាបឋមសិក្សាព្រៃទទឹង បានចូលរួមកម្មវិធី STEPCam មានប្រសាសន៍ថា៖ “កុមារគឺប្រៀបបីដូចជាក្រដាសសមួយសន្លឹក។ ក្នុងនាមជាគ្រូបង្រៀនម្នាក់ អ្នកគ្រូបានអប់រំ និងបង្ហាត់បង្រៀនសិស្សឱ្យមានចំណេះដឹង និងធ្វើនូវ ទង្វើល្អៗ ដូច្នេះពេលសិស្សធំឡើងនឹងក្លាយទៅជាមនុស្សដែលមានសក្តានុពលល្អ”។ ឥឡូវនេះ លោកស្រី ហ៊ាង ធារី បាន ក្លាយជាទីប្រឹក្សាប្រចាំសាលារៀន ដើម្បីផ្តល់ការគាំទ្រវិជ្ជាជីវៈដល់គ្រូបង្រៀនដទៃទៀត។
តាមរយៈការផ្តល់ជូននូវសម្ភារៈ និងជំនួយទាំងនេះ នឹងអាចជួយពង្រឹងដល់សមត្ថភាពសិស្សថ្នាក់ទី១ដល់ថ្នាក់ទី៣ មានមូលដ្ឋានក្នុងការអាន និងការគិតលេខបានប្រសើរឡើងជាងមុនដែលមានសារៈសំខាន់ក្នុងការសិក្សានៅកម្រិតថ្នាក់បន្តទៀតបានប្រសើរជាងមុន។ STEPCam កំពុងផ្លាស់ប្តូរការអប់រំកម្រិតដំបូងនៅក្នុងប្រទេសកម្ពុជា ដោយវិនិយោគលើគ្រូបង្រៀន ផ្តល់ឱ្យនូវធនធាន និងការបណ្តុះបណ្តាលកាន់តែប្រសើរ និងលើកកម្ពស់បរិយាកាសរៀនដែលចូលរួម និងមានប្រសិទ្ធភាពជាងសម្រាប់សិស្សវ័យកុមារ។
បើគិតជាទិន្នន័យ កម្មវិធីបណ្តុះបណ្តាលនេះ បានបណ្តុះបណ្តាល គ្រូបង្រៀនជាង 4,700 នាក់នៅថ្នាក់ដំបូងភាសាខ្មែរ និងជាង 3,000 នាក់នៅក្នុងមុខវិជ្ជាគណិតវិទ្យា ដែលជះឥទ្ធិពលវិជ្ជមានទៅកាន់សិស្សប្រមាណ 253,000 ។ សរុបមក មគ្គុទ្ទេសក៍គ្រូបង្រៀនជិត 17,000 និងសៀវភៅលំហាត់សិស្សជិត 250,000 ត្រូវបានបោះពុម្ព និងចែកចាយនៅទូទាំងប្រទេសកម្ពុជា ដែលធានាបាននូវលទ្ធភាពទទួលបានការអប់រំសម្រាប់សិស្ស។
គួរបញ្ជាក់ផងដែរថា កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ដែលមានទឹកប្រាក់ចំនួន ១២,៦២ លានដុល្លារអាមេរិក ផ្តល់ហិរញ្ញប្បទានដោយភាពជាដៃគូសកលសម្រាប់ការអប់រំ អង្គការយូណេស្កូ និងក្រសួងអប់រំ យុវជន និងកីឡានៅកម្ពុជា កំពុងពង្រីកកម្មវិធីជាតិ ស្តីពីការបង្រៀន និងរៀនថ្នាក់ដំបូង ដែលគាំទ្រដល់គ្រូបង្រៀនដើម្បីកសាងបំណិនមូលដ្ឋានគ្រឹះរឹងមាំផ្នែកភាសាខ្មែរ និងគណិតវិទ្យាដល់កុមារ។
តាមរយៈ STEPCam អង្គការយូណេស្កូបានគាំទ្រដល់ដំណើរការថ្នាក់ជាតិនៅក្នុងខេត្តជាច្រើន រួមមាន ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងឥឡូវនេះខេត្តកំពង់ចាមស្ថិតក្រោមដំណាក់កាលទីពីររបស់ខ្លួន៕