![](https://cdn.cc-times.com/kh.cc-times.com/media/58843/large/photo_2025-02-04_09-44-27.jpg?1738739565)
ភ្នំពេញ៖ តួត្លុក រិទ្ធ ដារ៉ូ និង មុំវណ្ណ ដាវីន ដែលជាយុវជនកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធី «ជួបជុំអ្នកគាំទ្រ និងការដឹងគុណ» នៅថ្ងៃទី ១៥ កុម្ភៈ ២០២៥ ដែលមានការសម្តែងទស្សនីយភាពចម្រុះ និងការសម្តែងជាច្រើនផ្សេងទៀតសម្រាប់អ្នកចូលរួម។
បើតាមយុវជន មុំវណ្ណ ដាវីន ត្រូវបានសាធារណជនតាមដានក្នុងបណ្តាញសង្គមស្គាល់តាមរយៈ ការសម្តែងជា «ទេវតាក្ងេងក្ងង់» បានឱ្យដឹងថា ដាវីន និង ដារ៉ូ បានសហការគ្នាយ៉ាងសកម្មជាមួយនឹងមិត្តរួមក្រុមរបស់ខ្លួន ដើម្បីបង្កើតនូវកម្មវិធីជួបជុំអ្នកគាំទ្រ ដែលស្រឡាញ់ពេញចិត្តនូវការសម្តែងរបស់ខ្លួន ដែលផ្សារភ្ជាប់នឹងសិល្បៈ ព្រមទាំងចំណេះដឹងដែលយុវជនក្រុមនេះបានទទួលពីការបង្ហាត់បង្រៀននៅក្នុងសាលា។
យុវជន មុំវណ្ណ ដាវីន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ ថា ជំនួបអ្នកគាំទ្រនេះនឹងមានសកម្មភាពជាច្រើនដូចជា ការសម្តែងរបាំ និងចម្រៀង ការសម្តែងហោមរោងយីកេ ការសម្តែងទស្សនីយភាពចម្រុះ ការទស្សនាវីដេអូ ជីវប្រវត្តិនៃតួត្លុក ដារ៉ូ និង ដាវីន ជាពិសេស គឺមានកម្មវិធីដឹងគុណ ។
យោងតាមបទសម្ភាសរបស់យុវជនទាំងពីរជាមួយនឹងស៊ីស៊ីថាមស៍ បានឱ្យដឹងបន្តទៀតថា យុវជនទាំងពីររូប ជាអតីតសិស្សបានបញ្ចប់ការសិក្សា នៅសាលាវិចិត្រសិល្បៈតាំងពីកុមារភាព។
![](https://cdn.cc-times.com/kh.cc-times.com/media/58845/large/photo_2024-10-11_12-29-23.jpg?1738739726)
យុវជន រិទ្ធ ដារ៉ូ ត្រូវបានជីដូនរបស់ខ្លួនផ្ញើនៅនឹងគ្រូបង្រៀនស្នាក់នៅអន្តវេសិកដ្ឋាន និងរៀនសូត្រនៅទីនោះតាំងពីវ័យកុមារមកម្ល៉េះ ហើយបន្តខិតខំគ្រប់វិធីសាស្រ្តដើម្បីអាចមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ ដារ៉ូបានចំណាយពេលធ្វើការគ្រប់បែបយ៉ាងរយៈពេល ៥ឆ្នាំ ដើម្បីសន្សំប្រាក់គ្រប់។ ក្រោយបានចូលរៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈតាមក្តីស្រមៃ ដារ៉ូ បានជួបជាមួយនឹង យុវជន មុំវណ្ណ ដាវីន ដែលជាមិត្តរួមថ្នាក់នៅសាកលវិទ្យាល័យ បានចាប់ដៃគ្នាសម្តែងរឿងជាច្រើនជាតួត្លុក រហូតបានមានប្រជាប្រិយភាពខ្លាំងមកដល់ពេលបច្ចុប្បន្នជាពិសេសក្នុងសំណាក់យុវជន។
ចំណែកឯ យុវជន មុំវណ្ណ ដាវីន ជាយុវជនមួយរូបដែលចាប់ផ្តើមមានក្តីស្រឡាញ់លើវិស័យសិល្បៈក្រោយបានចូលរួមកម្មវិធីប្រកួតនានាពាក់ព័ន្ធនឹងសិល្បៈកាលពីកុមារភាព ដោយមានការតម្រង់ទិសពីក្រុមគ្រួសារ។ គួរបញ្ជាក់ផងដែរថា យុវជន ដាវីន មានសែស្រឡាយជាអ្នកសិល្បៈដែលត្រូវជាមីងរបស់ខ្លួន ដែលកាន់តែជម្រុញឱ្យយុវជនរូបនេះ មានការស្រឡាញ់វិស័យនេះថែមមួយកម្រិតទៀត។
![](https://cdn.cc-times.com/kh.cc-times.com/media/58848/large/475880746_618423581127369_7121989585464029665_n.jpg?1738739923)
កម្មវិធីជំនួបអ្នកគាំទ្រ និងការដឹងគុណនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៥ ល្ងាច រហូតដល់ម៉ោង ៧:៣០ល្ងាច នៅទីតាំងរោងភាពយន្ត Legensd 271 by Ize ក្នុងផ្សារទំនើបជីបម៉ុង២៧១ ជាន់ទី៣ ។ សាធារណជនអាចចុះឈ្មោះចូលរួមដោយសេរីតាមរយៈតំណភ្ជាប់ https://bookme.plus/t/events/tuatluk-fanmeeting ដែល បានបង្ហោះនៅក្នុងបណ្តាញសង្គមរបស់តួត្លុកទាំងពីរ ។
![](https://cdn.cc-times.com/kh.cc-times.com/media/58849/large/471675775_1261118024940532_4985976806620753881_n.jpg?1738740007)
គួរបញ្ជាក់ផងដែរថា ដាវីន និង ដារ៉ូ ជាដៃគូសម្តែងរឿងជាច្រើនជាតួត្លុក ដែលកំពុងទាក់ទាញអារម្មណ៍សាធារណជនគាំទ្រនូវសិល្បៈវប្បធម៌ខ្មែរ ដោយយុវជនទាំងពីររូបមានសមត្ថភាព និងទេពកោសល្យពីកំណើត បូកផ្សំនឹងការបង្ហាត់បង្រៀនដោយលោកគ្រូអ្នកគ្រូ ហើយបច្ចុប្បន្ន យុវជនទាំងពីរជានិស្សិតដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៕
![](https://cdn.cc-times.com/kh.cc-times.com/media/58854/large/photo_2024-10-11_12-29-23_(2).jpg?1738740659)