ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលហូលពិតានពីអង្គការគាំពារកុមារខ្មែរ (Caring for young khmer) ចំនួន ៤០ផ្ទាំង ដើម្បីរក្សាទុកជាសម្បត្តិរដ្ឋនៅសារមន្ទីរជាតិកម្ពុជា។ ការផ្តល់ជូននេះ ក្នុងពិធីប្រគល់ហូលពិតាន ធ្វើឡើងក្រោមការចូលរួមដោយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក UENO Atstushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។
សមុច្ច័យទាំង៤០ផ្ទាំងនេះ ជាបណ្តុំសមុច្ច័យដ៏សំខាន់ដែលបានឆ្លុះបញ្ចាំងពីភាពសំបូរបែបនៃការបន្តមរតកបេតិកភណ្ឌអរូបីនៃវិស័យតម្បាញខ្មែរនារយៈពេលជាងមួយសតវត្សរ៍កន្លងមកនេះ។ ក្បាច់លម្អដែលមាននៅលើផ្ទាំងសូត្របានរម្លេចពីទិដ្ឋភាពទូទៅនៃជីវភាពប្រចាំថ្ងៃនិងជំនឿនានាដែលខ្មែរគោរពប្រតិបត្តិ ជាពិសេសគឺផ្ទាំងរឿងទាក់ទងនឹងពុទ្ធប្រវត្តិ។
ការប្រគល់ជូននេះ គឺដើម្បីធានាបាននូវនិរន្តរភាពនៃការអភិរក្ស ថែរក្សា និងផ្សព្វផ្សាយពីភាពប្រណិតនិងល្អឯក នៃមរតកតម្បាញសូត្រខ្មែរ។ លើសពីនោះ ផ្តល់លទ្ធភាពនិងភាពងាយស្រួលដល់ក្រុមអ្នកតម្បាញសូត្រខ្មែរ ដែលមានបំណងចង់សិក្សាឈ្វែងយល់ពីទម្រង់ និងក្បាច់រចនានានានៅលើផ្ទាំងសូត្រ អាចចូលមកពិនិត្យផ្ទាល់បាននៅសារមន្ទីរជាតិ។
គួររម្លឹកថា កាលពីកំឡុងឆ្នាំ២០១៤ លោកស្រី Harumi Sekiguchi បានប្រគល់ហូលពិតានមកកាន់សារមន្ទីរជាតិកម្ពុជាចំនួន២លើកម្តងមកហើយ លើកទី១សរុបចំនួន ២៣ផ្ទាំង និង លើកទី២សរុបចំនួន ២ផ្ទាំង៕