Cc times  web banner kh

ព្រឹត្តិការណ៍«ពិព័រណ៍កម្ពុជាលើកទី៩» នឹងប្រព្រឹត្តទៅថ្ងៃទី៣-៤ ឧសភា នៅជប៉ុន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ Royal Embassy of Cambodia In Japan

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នឹងរៀបចំពិព័រណ៍កម្ពុជា លើកទី៩ ឆ្នាំ២០២៥ (The 9th Cambodia Festival 2025) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៥ នៅសួនឧទ្យានយ៉ូយ៉ូហ្កិ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយ និងលើកស្ទួយសិល្បៈ វប្បធម៌ ទេសចរណ៍ ព្រមទាំងជំរុញផលិតផលសក្តានុពល និងម្ហូបអាហារខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។

ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាលើកទី៩នេះ គណៈកម្មការរៀបចំបានផ្តល់ស្តង់ចំនួនពីរទំហំ៥.៤ ម៉ែត្រ×៣.៦ ម៉ែត្រ ជូនក្រសួងពាណិជ្ជកម្ម ដើម្បីផ្តល់ជូនក្រុមហ៊ុន និងសហគ្រាសកម្ពុជា នាំយកផលិតផលនិងសេវាកម្មទៅដាក់តាំង បង្ហាញ ផ្សព្វផ្សាយ និងស្វែងរកដៃគូពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ។

គួរបញ្ជាក់ថា កាលពីព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៨ ឆ្នាំ២០២៤ មានអ្នកចូលរួមទស្សនាប្រមាណ ៨០០០០នាក់ មានស្តង់ចំនួន ៩០ បានដាក់តាំងបង្ហាញ នូវផលិតផលខ្មែរ មុខម្ហូបរបស់ខ្មែរ និងស្តង់អង្គការ សមាគមសប្បុរសធម៌ដែលពាក់ព័ន្ធនឹងកម្ពុជា ព្រមទាំងមានសម្ដែងនូវរបាំបុរាណខ្មែរ សម្ដែងដោយក្រុមសិល្បៈមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខ្មែរ និងក្រុមរបាំសម្តែងដោយកុមារាកុមារីខ្មែរនៅជប៉ុន ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ ព្រមទាំងមានការសម្តែងក្បាច់គុនខ្មែរ និងសិល្បៈកម្សាន្តបុរាណ-សម័យថែមទៀតផង។

ពិព័រណ៍នេះ ក៏ជាផ្នែកមួយនៃគោលនយោបាយការទូតសេដ្ឋកិច្ច របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរយៈពេល ៣ ឆ្នាំ ពីឆ្នាំ២០២១-២០២៣ កាលពីដើមឆ្នាំ២០២១ និងបន្តសម្រាប់ឆ្នាំ២០២៤-២០២៨ ដើម្បីផ្សារភា្ជប់គោលនយោបាយការបរទេស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយប្រើប្រាស់មធ្យោបាយការទូត ក្នុងការចូលរួមលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស លើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការផ្លាស់ប្ដូរវប្បធម៌ និងកីឡា៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង