ភ្នំពេញ៖ WELL Academy នៃអង្គការលើកកម្ពស់គុណភាពជីវិត និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា សហការក្នុងការរៀបចំវេទិកា «សុខុមាលភាពយុវជន២០២៥» ផ្តោតលើការកសាងភាពធន់ ដើម្បីដោះស្រាយចំណោទជីវិត ដែលងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥។
បើតាមគេហទំព័រនៃ WELL Academy បានឱ្យដឹងថា វេទិកា «សុខុមាលភាពយុវជន២០២៥» នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាបញ្ញាសាស្រ្តសាខាទួលទំពូង(ជាន់ទី៧)រយៈពេលមួយថ្ងៃពេញ។
បន្ថែមពីនេះ យោងតាមគេហទំព័រហ្វេសប៊ុកនៃ WELL Academy ព្រឹត្តិការណ៍មួយថ្ងៃពេញនេះរួមមានកិច្ចពិភាក្សាជាមួយវាគ្មិនកិត្តិយស បទបង្ហាញសិក្ខាសាលាចំនួន៦ប្រធានបទពាក់ពន្ធ័នឹងសុខភាពផ្លូវចិត្ត រាងកាយ ទំនាក់ទំនង ហិរញ្ញវត្ថុ និងការត្រៀមខ្លួនស្វែងរកការងារ និងអាហារូបករណ៍ក្រៅប្រទេស ការសម្តែងសាច់រឿងបែបអប់រំដោយយុវជន ការធ្វើផែនការផ្ទាល់ខ្លួន សកម្មភាពកសាងទំនាក់ទំនង និងស្តង់ព័ត៌មានផ្សេងៗ។
គោលបំណងនៃការរៀបចំវេទិកា «សុខុមាលភាពយុវជន២០២៥» ឡើងគឺដើម្បី៖ (១)លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសុខុមាលភាពយុវជន (២) ផ្តល់ឱកាសដល់យុវជនទទួលបានចំណេះដឹង និងការគាំទ្រទៅតាមតម្រូវការ និង (៣) កសាងបណ្តាញ និងបញ្រ្ជាបវប្បធម៌យកចិត្តទុកដាក់ទៅលើសុខុមាលភាពនៅគ្រប់ទីកន្លែង និងគ្រប់ស្ថាប័ន។
គួរបញ្ជាក់ផងដែរថា «សុខុមាលភាពយុវជន២០២៥» ផ្តោតលើការកសាងភាពធន់ ដើម្បីដោះស្រាយចំណោទជីវិត រៀបចំឡើងដោយកម្មវិធី WELL Academy នៃអង្គការលើកកម្ពស់គុណភាពជីវិត និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា៕